វ៉ាក់សាំងចិន ១លានដូសទៀត បានដឹកមកដល់កម្ពុជា

0

ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១២លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាល នឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ចំនួន១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន៤,៥៩៩,៦៤៨នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំង គោលដៅ ១០លាននាក់ បានចំនួន៤៦%៕