ភ្នំពេញ៖ ក្រោយពេលអាជ្ញាធរថៃ បិទកន្លែងការងារមួយចំនួន នៅប្រទេសថៃ ពលករខ្មែរត្រឡប់វិញ១ថ្ងៃជាង១០០នាក់ រកឃើញវិជ្ជមាន-១៩ ចំនួន៣៣នាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ។
អភិបាលស្រុកអូរជ្រៅ លោក លី សុវណ្ណារិទ្ធ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារមណ្ឌលសំច្រកអូរបីជាន់ ស្រុកអូរជ្រៅ បានទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញមានចំនួន១០២នាក់(ស្រី៤៧នាក់) រកឃើញវិជ្ជមានកូវីដ-១៩ មានចំនួន៣៣នាក់(ស្រី១៧នាក់ ក្មេង២នាក់) មានប្រជាពលរដ្ឋដែលរស់ខេត្តបន្ទាយមានជ័យ ចំនួន៣០នាក់, ខេត្តបាត់ដំបងចំនួន២នាក់, ខេត្តកំពង់ធំចំនួន១នាក់។
លោកបានបន្តថា បើប្រៀបធៀបនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មានពលករខ្មែរត្រឡប់ពីប្រទេសថៃ ចូលកម្ពុជាវិញតាមច្រកអូរបីជាន់មានចំនួន១៥៤នាក់(ស្រី៧៥នាក់) រកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានចំនួន១៩នាក់(ស្រី៩នាក់ក្មេង១នាក់)។
លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ពលករដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញក្រោយពេលដែលក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ទទួលហើយក្រោយពេលពិនិត្យសុខាភាពនិងយកសំណាកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវដឹកជញ្ជូនតាមរថយន្តសង្គ្រោះដាក់មណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណដើម្បីព្យបាល ចំណែកអ្នកអវិជ្ជមានកូវីដ-១៩ ត្រូវបានដឹកជញ្ជូនដាក់នៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ ចំពោះពលករដែលត្រឡប់ពីប្រទេសថៃ។
តាមសំដីពលករខ្មែរ បានបញ្ជាក់ថា មូលហេតុដែលពួកគាត់នាំគ្នា ត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជាវិញព្រោះកន្លែងការមួយចំនួនត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃ ត្រូវបិទកន្លែងការងារ នៅពេលមានការរីករាលដាល នៅជំងឺឆ្លងកូវីដ-១៩ ដែលគ្មានការងារធ្វើទើបសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញតាមច្រកអូរបីជាន់ ចូលមណ្ឌលសំចតស្ម័ក្រចិត្តធ្វើចត្តាឡីស័កដើម្បីការពារមិនអោយឆ្លងដល់សាច់ញាតិនៅស្រុក ៕


