ភ្នំពេញ៖ មានតែទឹកភ្នែកទេ ដែលអាចរៀបរាប់ នូវភាពឈឺចាប់នេះបាន សម្រាប់ស្រ្តីមេម៉ាយម្នាក់ឈ្មោះ មួង ធា អាយុ ៥១ឆ្នាំ ដែលបានយកលិខិត គោរពសុំអន្តរាគមន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេត្តាជួយផ្តល់យុត្តិធម៌ លើករណីវិវាទដីធ្លី របស់គាត់ ដែលមានភាគីម្ខាងទៀត បាននិងកំពុងឈូសឆាយ យកដីគាត់។
លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្រ្តីនិងជា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែនបានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកថា បងស្រី មួង ធា បានប្រាប់លោកថា គាត់មិនដែលស្គាល់ភ្នំពេញទេ គឺគាត់រស់នៅតែក្នុងព្រៃជនបទ។ក្រោយពីប្តីបានប្រើអំពើហឹង្សាវាយដំធ្វើបាបគាត់ហើយបានចាកចេញទៅមានប្រពន្ធថ្មីបងស្រីនៅជាមួយកូនស្រី២នាក់ខិតខំធ្វើស្រែចំការសន្សំលុយបញ្ជូនកូនអោយទៅរៀនក្រែងលោមានអនាគតល្អ។ ពេលនេះកូនស្រីគាត់ម្នាក់កំពុងធ្វើការនៅភោជនីយដ្ឋាមួយក្នុងខេត្តកំពង់ស្ពឺបានប្រាក់ខែ $50 ។
បងស្រីបានរៀបរាប់ថា គាត់ស្ទើរតែគាំងបេះដូងស្លាប់ នៅពេលដែលឮថាដី ដែលគាត់បានកើត និងរស់នៅធំដឹងក្តីនៅទីនោះ បែរជាមានអ្នកផ្សេង មកធ្វើប័ណ្ណយកជាកម្មសិទ្ធ គេទៅវិញ។ ដីនោះគឺស្ថិតនៅ ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានទំហំ ៧ហិកតា ហើយមានលិខិត បញ្ជាក់ការកាន់កាប់ ដីធ្លីទទួលស្គាល់ដោយ មេឃុំ ស៊ឹម រ៉ុន កាលពីថ្ងៃទី១៣ ខែ ៦ ឆ្នាំ ២០១៤។ ក្នុងនោះក៏មានប្រជាពលរដ្ឋចំនួន ២៧គ្រួសារបានផ្តិតមេដៃទទួលស្គាល់ថាបងស្រី មួង ធា ជាម្ចាស់ដីខាងលើពិតប្រាកដមែន។ ប៉ុន្តែក្រោយមក លោកមេឃុំក៏បានបដិសេធត្រា និងហត្ថលេខាគាត់វិញ (?) មិនទទួលស្គាល់ដីបងស្រី។
បងស្រី មួង ធា បានបញ្ជាក់ថា ពេលនេះភាគីម្ខាងទៀត សម្លុតគម្រាមគាត់ អោយដកសំណាបចោល និងរុះរើផ្ទះចេញជាបន្ទាន់ ដោយគម្រាមថានឹងចាប់ដាក់គុក៦ខែ ហើយបង់ពិន័យ ជាប្រាក់២លានរៀលទៀតផង។ ករណីនេះគាត់ត្រូវបានភាគីម្ខាងនោះប្តឹងឡើងតុលាការ…បែបចាញ់គេហើយ បានជាគេគម្រាម អោយគាត់ចេញជាបន្ទាន់។ ប៉ុន្តែភាគីម្ចាស់ដីដែលមានព្រុំដីជាប់បងស្រី មួង ធា គឺដាច់ខាតមិនផ្តិតមេដៃសម្គាល់ព្រុំអោយទៅអ្នកដែលមកយកដីគាត់ឡើយ។
លោក ដួង តារា មិនទាន់ដឹងទេថា តើភាគីម្ខាងទៀតមានឯកសារអ្វីខ្លះទើបអាចយកទៅធ្វើប័ណ្ណរឹង… តាមការប្រាប់ពីបងស្រី មួង ធា។បងស្រី មួង ធា បានខ្ចីលុយគេធ្វើដំណើរពីរនាក់ម្តាយកូន មកជួបលោកនៅភ្នំពេញ ថ្ងៃនេះជាមួយទឹកភ្នែក និងក្តីអស់សង្ឃឹមយ៉ាងខ្លាំង។
កាលពីថ្ងៃម៉ិញ ក្រោយពីបានស្តាប់សារ បានរឿងដ៏សោកសៅ និងពិនិត្យឯកសារ គាត់រួចហើយលោក ដួង តារាក៏បានបញ្ជូនសំណុំរឿងនេះ ទៅលោកប្រធានតុលាការខេត្តកំពង់ឆ្នាំង ជួយពិនិត្យបន្ថែម ដើម្បីផ្តល់យុត្តិធម៌ជូនគាត់។
លោក ដួង តារា ក៏បានជូនថវិកាមួយចំនួន ជួយចេញថ្លៃធ្វើដំណើរ របស់គាត់និងកូនវិលទៅផ្ទះវិញ និងយកទៅសងគេផង។
លោក ដួង តារា នឹងស្វែងរកការពិត អំពីករណីនេះជូនបងស្រី មួង ធា៕