ភ្នំពេញ៖ ប្ដីប្រពន្ធ ១គូ ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ចូលទៅបាញ់ប្រហារ ពេលកំពុងដេកក្នុងរោងចិញ្ចឹមទា បណ្ដាលឲ្យប្រពន្ធស្លាប់ និងប្ដីរងរបួសធ្ងន់ ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅព្រែកដូនឯម ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ មានប្រពន្ធឈ្មោះ សុន ស្រឿន អាយុ៤៩ឆ្នាំ និងប្ដីឈ្មោះ យឹម គឹមហុក អាយុ៤៥ឆ្នាំ របួសធ្ងន់។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង៨យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះទាំងពីរនាក់ បានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧ឆ្នាំ ជិះម៉ូតូឌុបមកដេកនៅរោងទាដូចរាល់ថ្ងៃ ពេលឌុបមកដល់កូន ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះក៏ដេក នៅរោងទាទាំងពីរនាក់ប្តីប្រពន្ធ។ លុះដល់ព្រឹកឡើងថ្ងៃទី៥ ខែកក្កដា២០២១ វេលាម៉ោង៥៖៣០នាទី ឈ្មោះ ហុក ភូណាន់ បានជិះម៉ូតូមកជួយរើសពងទា នៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសឈាមពេញខ្លួនរងរបួសធ្ងន់។ ពេលនោះកូនរបស់ជនរងគ្រោះ បានរាយកាណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ ភ្លាមនោះកម្លាំងប៉ុស្តិ៍បាន ចុះដល់កន្លែងកើតហេតុធ្វើការហ៊ំព័ទ្ធ និងបានរកឃើញសំបកគ្រាប់កាំភ្លើង ចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងស័ង្កសី ចំនួន ២កន្លែង។
ជុំវិញករណីនេះកម្លាំងសមត្ថកិច្ច កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនខ្មាន់កាំភ្លើដៃឆៅ យកមកផ្ដន្ទាទោសតាមច្បាប់ ៕












