ស្រ្តីម្នាក់ កំពុងអង្គុយ ធ្វើទឹកនំបញ្ចុក ត្រូវជនបែកថ្នាំ យកកាំបិតខ្វែវ ដេញកាប់បណ្ដាលឱ្យរបួសធ្ងន់

0

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងអង្គុយ ធ្វើទឹកនំបញ្ចុក ត្រូវជនបែកថ្នាំ យកកាំបិតខ្វែវ ដេញ​កាប់ជាច្រើន កាំបិតរងរបួសធ្ងន់។ ហេតុការណ៍​កើត​ឡើង ​នៅវេលាម៉ោង៣និង៣៥នាទី រសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះហឿង សៃនាវ ភេទស្រីអាយុ៥៨ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកជនដៃដល់ឈ្មោះស្វឿង ប៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ជាជនញៀនថ្នាំ​ឡើងបែក។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយធ្វើទឹកនំបញ្ជុកហូបជាលក្ខណៈគ្រួសារ ជាមួយបងប្អូនក្នុងភូមិ៥នាក់នៅក្រោមផ្ទះ ស្របពេលនោះជនដៃដល់​ឈ្មោះស្វឿង ប៉ុង ជាមនុស្សញៀនថ្នាំ បានកាន់កាំបិតខ្វែវដើរតម្រង់ចូលមកកាប់អ្នក​ភូមិ​ដោយពុំដឹងមូលហេតុ។ ដោយឃើញសកម្មភាពរបស់ជនដៃដល់ដូចជាសាហាវពេក ក្រុមអ្នក​ភូមិ​ក៏នាំគ្នារត់ ហើយ​ជនបែកថ្នាំនោះនៅ​បន្ត​ដេញតាមកាប់ ស្របពេលនោះជនរងគ្រោះជំពប់ដុំថ្មដួល ត្រូវ​ជនល្មើសតាមទាន់ក៏​កាប់​ជាច្រើនកាំបិត ត្រូវចំជើងទាំងសងខាង ដៃទាំងសងខាង និងដងខ្លួន រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែដោយរបួសធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។

ចំណែកជនល្មើស ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន ដោយយកកាំបិតខ្វែវ ទៅជាមួយនៅពេលនេះ កម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក តាមដេញចាប់បានភ្លានៗ យកមកផ្តន្ទាទោសតាមច្បាប់ហើយ ៕