ចិន បញ្ជាឲ្យបិទការទាញយកកម្មវិធី Didi ជាបណ្ដោះអាសន្ន

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយ សម្រាប់ហៅតាក់ស៊ីនៅក្នុងប្រទេសចិន ដែលមានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ ត្រូវបានរដ្ឋាភិបាលចិនបញ្ជាឱ្យលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង AppGallery របស់ក្រុមហ៊ុន Huawei។

ការហាមឃាត់នេះត្រូវបានដាក់ចេញ បន្ទាប់ពីរដ្ឋាភិបាលបានរកឃើញថា ក្រុមហ៊ុន Didi បានប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរទៅលើការប្រមូល និងប្រើទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់។ ឆ្លើយតបនឹងការចោទប្រកាន់នេះ ក្រុមហ៊ុនបានប្រកាសថា ពួកគេនឹងធ្វើការកែសម្រួលទៅតាម អ្វីដែលរដ្ឋាភិបាលបានស្នើសុំ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ នៅពេលវេលាដែលពួកគេអាច នឹងដាក់ឱ្យកម្មវិធីនេះអាច ទាញយកបានវិញនោះទេ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នអ្នកប្រើប្រាស់អាចបន្តប្រើកម្មវិធី Didi ប្រសិនបើពួកគេបានទាញយកកម្មវិធីនេះហើយ ប៉ុន្តែអ្នកប្រើប្រាស់ថ្មីនឹងមិនអាច ចុះឈ្មោះប្រើប្រាស់បានទេ៕