ភ្នំពេញ ៖ ដោយអនុវត្តន៍តាមការណែនាំចង្អុលបង្ហាញ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងការបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសដំណាំកញ្ឆា ខុសច្បាប់ ឲ្យដូចភ្លៀងរលឹម និងជាពិសេសអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ០៦ទីតាំង អាងស្តុបទឹក ចំនួន ០៤អាង នៅចំណុចដុបថ្មកំសត់ និងជ្រោះឃ្លី ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ ១៤១២ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕