ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានចេញមុខរៃអង្គាសថវិកាបានចំនួន១៤ ២៨៦ដុល្លារអាមេរិកសម្រាប់ជួយដល់ក្មេងកំព្រា៨០នាក់ក្នុងមណ្ឌលមែកឈើខណៈលោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជាជាអ្នកទទួលបន្ទុកចិញ្ចឹមពួកគេបាននិងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅឡើយ។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា«សូមអបអរសាទរ ! ក្មួយៗរស់នៅមណ្ឌលមែកឈើ ដោយ ខណៈនេះលោក ផន ផល្លា បានធូរស្រាល ពីជំងឺច្រើនហើយ ទទឹមនឹងនេះ ខ្ញុំក៏រ៉ៃបានថវិកាជួយ ក្មួយៗបានចំនួន14286$ផងដែរជំនួសមុខឲ្យក្មួយៗរស់នៅមណ្ឌលមែកឈើ ខ្ញុំបាទ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះពុក ម៉ែ បងប្អូន ដែលបានចូលរួមបរិច្ចាគថវិកាជួយ ដល់ក្មេងៗកំព្រា ដែលរស់នៅមណ្ឌលមែកឈើ»។
សូមរំលឹកថា លោក ពេជ្រ ស្រស់ ដៃម្ខាងបានជ្រោង សង្រ្គោះជីវិតលោកផន ផល្លា រីឯដៃម្ខាងទៀត ជ្រោងជីវភាពក្មេងកំព្រា ៨០នាក់ ដែលលោក ផន ផល្លា ទទួលចិញ្ចឹម ៕



