មន្រ្តីអគ្គនាយកដ្ឋានវិទ្យុជាតិម្នាក់មានដី ១ដុំតាំងពីឆ្នាំ៧៩ តែមិនអាចសង់ផ្ទះរស់នៅបាន ដោយសារមានការរារាំង ពីជនអាថ៌កំបាំងម្នាក់

0

ភ្នំពេញ៖ មន្រ្តីធ្វើការនៅអគ្គនាយកដ្ឋានវិទ្យុជាតិម្នាក់ មានដី ១ដុំតាំងពីឆ្នាំ១៩៧៩ តែមិនអាចសង់ផ្ទះរស់នៅបាន ដោយសារតែមានការរារាំងពីសំណាក់អាជ្ញាធរ តាមការទាមទាររបស់ជនអាថ៌កំបាំងម្នាក់ ។

លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក កាលពី១០ម៉ោងមុនថា «ថ្ងៃអាទិត្យនេះ លោក ស៊ូ សុវណ្ណ អាយុ៥៩ឆ្នាំ និងភរិយាបានមកជួបខ្ញុំ ជាមួយលិខិតគោរពសុំអន្តរាគមន៍មក សម្តេចតេជោ មេត្តាជួយផ្តល់យុត្តិធម៌ជូនគាត់អំពី វិវាទដីធ្លីដែលមានជនអាថ៌កំបាំងម្នាក់ បានមករារាំងដល់ការសាងសង់ ផ្ទះរបស់គាត់ តាមរយៈអាជ្ញាធរ» ។

លោក ដួង តារា បន្តថា លោក ស៊ូ សុវណ្ណ សព្វថ្ងៃបម្រើការងារនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។ គាត់បានទទួលដី១ដុំ (៧មx៣០ម) នេះ ហើយបានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ ១៩៧៩ មានទីតាំងនៅភូមិចំបក់ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ជាងមួយឆ្នាំកន្លងផុតទៅហើយ គាត់មានបំណងសាងសង់ផ្ទះតូចមួយដើម្បីរស់នៅ ហើយបានទិញឥដ្ឋ ស៊ីម៉ង់ត៌ ដែក…ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយមានការរារាំងពីសំណាក់ អាជ្ញាធរតាមការទាមទារ របស់ជនអាថ៌កំបាំងម្នាក់។

ដោយមានបញ្ហារារាំងខាងលើ លោក ស៊ូ សុវណ្ណ បានស្នើសុំទៅមន្ទីរសុរិយោដីខេត្ត អោយចុះមកពិនិត្យទីតាំងនិងបានវាស់វែង ដើម្បីរៀបចំប័ណ្ណកម្មសិទ្ធជូនគាត់ កុំអោយមានបញ្ហា។ ប៉ុន្តែក៏ត្រូវបានជនអាថ៍កំបាំងនោះ រារាំងនៅសុរិយោដីស្រុកទៀត។ គាត់ក៏បានទៅទាក់ទងជាមួយ អាជ្ញាធរមូលដ្ឋាន ចាប់តាំងពីថ្នាក់ភូមិ ឃុំ ដល់ស្រុក ប៉ុន្តែគេបានអោយគាត់រង់ចាំរហូត មកដល់ពេលនេះតែមិនទាន់ មានចម្លើយនៅឡើយ។

ក្រោយពីបានជួបគាត់ និងបានពិនិត្យឯកសារ ពាក់ព័ន្ធមួយចំនួនរួចមក ថ្ងៃមិញនេះលោក ដួង តារា បានទាក់ទងទៅលោកអភិបាលស្រុកស្វាយជ្រុំ ដោយបានបញ្ជូនឯកសារមួយចំនួន រួមជាមួយស្នាមម្រាមដៃដែលពលរដ្ឋជាង ៥០គ្រួសារផ្តិតមេដៃគាំទ្រទទួលស្គាល់ថា លោក ស៊ូ សុវណ្ណ ពិតជាម្ចាស់ដីរស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ ពិតប្រាកដមែន។

ជាមួយគ្នានោះលោក ដួង តារា ក៏បានអរគុណលោកអភិបាលស្រុកស្វាយជ្រុំ ដែលទទួលយកសំណើ របស់ពលរដ្ឋទៅដោះស្រាយ ដើម្បីគាត់បានសាងសង់ផ្ទះរស់នៅ ផុតបញ្ហាតទៅទៀត។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង ៕