ភ្នំពេញ៖ ក្មេងស្រីក្នុងវ័យ២ឆ្នាំម្នាក់ ត្រូវបានឪចុងធ្វើទារុណកម្មរហូតដល់ស្លាប់ ហើយជនបង្កជាឪចុងបានកុហកសមត្ថកិច្ចថា ខ្លួនរអិលជើងយកដៃច្រត់លើដើមទ្រូងក្មេងស្រី រហូតដល់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង១៥នាទី រសៀលថ្ងៃទី៣០ ខែមិថុនានេះ ស្ថិតក្នុងបន្ទប់ជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ជនសង្ស័យជាឪចុងឈ្មោះ សុខ រដ្ឋា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានសារជាតិញៀនក្នុងខ្លួន។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ន ស.ន អាយុ២ឆ្នាំ ជាកូនស្រ្តីឈ្មោះ ផុន សុខហាត់ អាយុ២៨ឆ្នាំ។
យោងតាមរបាយកាណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១៣ និង១៥នាទីរសៀល ថ្ងៃទី៣០ខែមិថុនា ជនសង្ស័យជាឪចុងបានបីក្មេងស្រីមកបន្ទប់ជួលរបស់ឈ្មោះ មី ថុល ដែលត្រូវជាជីតាក្មេងស្រីឱ្យជួយមើលផង ថាក្មេងស្រីរងគ្រោះបានស្លាប់ពេលដែលខ្លួនរៀបឆុងមី ហើយរអិលជើងដួលសង្កត់ពីលើបណ្តាលឱ្យស្លាប់។
ចំណែកលោកតាក្មេងស្រី មិនអស់ចិត្តក៏ប្តឹង ទៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ ឱ្យចុះមកពិនិត្យរឿងរ៉ាវនេះ ហើយក្នុងនោះនគរបាលបានសហការណ៍ជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ៍កម្រិតធ្ងន់ និងនគរបាលការិយាល័យបច្ចេកទេស បើកការស្រាវជ្រាវចាប់តាំងពីវេលាម៉ោង១៤ រហូតដល់យប់ថ្ងៃដដែល ទើបជនសង្ស័យជាឪចុងបានសារភាពថា មូលហេតុដែលខ្លួនមានកំហឹងទៅលើកូនចុង ព្រោះតែកូនចុងបានទាត់ក្បាលខ្លួន។
ដូច្នេះហើយទើបខ្លួនយកជង្គុងអុកទៅលើដើមទ្រូងក្មេងស្រីរងគ្រោះរហូតដល់ដាច់ខ្យល់ស្លាប់ ហើយខ្លួនបានប្រើល្បិចកុហក ថារអិលជើងសង្កត់លើ កូនចុងដល់ស្លាប់៕