ភ្នំពេញ៖ មានករណីប្រជាពលរដ្ឋម្នាក់ បានឆ្លងចរន្តអគ្គិសនី ពីឆ្នាំងដាំបាយអគ្គិសនីចាស់ របស់ខ្លួន បណ្តាលអោយស្លាប់បាត់បង់ជីវិត គ្រោះថ្នាក់នេះកើតឡើង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដឹងកើតហេតុនៅវេលាម៉ោង១៨និង៣០នាទី នៅចំណុចក្រុមទី២៦ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ម៉ៅ ឈាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្រុមទី២៦ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះ អន សារុំ អាយុ៣៧ឆ្នាំ បានបំភ្លឺថា ៖ នៅថ្ងៃទី៣០ និងមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៧និង០០នាទី ខ្លួននិងប្ដី បានរាយខ្សែភ្លើង ខាងក្រោយផ្ទះពីកន្លែងផ្ទះបាយ ទៅបូមទឹកដោយខ្លួន នៅខាងក្រៅ ហើយប្ដីនៅខាងក្នុងផ្ទះបាយបោះខ្សែភ្លើង តាមបង្អួច ក្រោយមកដោយបាត់ប្ដី មិនឃើញចេញមកក្រៅខ្លួនក៏ដើរទៅមើលប្ដីស្រាប់តែឃើញប្ដីដួលទ្រោមប៉ះលើឆ្នាំងដាំបាយអគ្គិសនី (ចាស់) បណ្ដាលអោយឆក់ស្លាប់តែម្ដង។ សូមបញ្ជាក់ថារយៈកាលកន្លងមកខ្លួនក៏ធ្លាប់ឆក់ពីឆ្នាំងដាំបាយនោះដែរតែមិនអី។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ ម៉ៅ ឈាង សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាឆ្លងចរន្តអគ្គិសនីពីឆ្នាំងដាំបាយស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕