ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី កម្លាំងអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី បានធ្វើការបង្ក្រាបករណីលួចម៉ូតូ ១គ្រឿង នឹងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចក្រុមទី៤ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ត្រីនគរបាល ស្រុកមោងឫស្សី បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ព្រុំ សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ចំណែកឯជនរងគ្រោះឈ្មោះ គាម ថូយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពដដែលបានបន្តថា ៖ ជនសង្ស័យបានចូលធ្វើសកម្មភាព ចូលលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរី២០០៨ ផ្លាកលេខបាត់ដំបង 1D-2664 លេខម៉ាស៊ីនND125ME-8290841 ជារបស់ជនរងគ្រោះ ដែលបានបញ្ឈរទុក នៅមុខផ្ទះរួចម្ចាស់ចូល ទៅសំរាកក្នុងផ្ទះ បានមួយសន្ទុះ ស្រាប់តែលឺសំលេងបញ្ឆេះ ម៉ូតូពេលនោះជនរងគ្រោះ ក៏ក្រោកមើលតាមបង្អួច ឃើញជនសង្ស័យឈ្មោះ ព្រុំ សុធា កំពុងជិះម៉ូតូ របស់ជនរងគ្រោះ ចេញសំដៅទៅផ្លូវជាតិ ឃើញដូចនេះជនរងគ្រោះ ក៏រត់ចេញមកក្រៅដេញចាប់ ជនសង្ស័យបានភ្លាមៗ រួចរាយការណ៍ មកសមត្តកិច្ច ប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃតូច តែម្ដង។
បន្ទាប់ពីទទួលបានព័ត៌មាន កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច បានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ព្រុំ សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាធានីភ្នំពេញ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកមោងឫស្សី។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុក បានបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕