ភ្នំពេញ៖ ដោយទទួលបាន របាយណ៍ការ ពីការត្អួញត្អែរ ពីបណ្ដាខេត្តនានា ក្នុងការទទួលបាន ឧបករណ៍ តេស្ដរហ័ស ក៏ដូចជាបរិក្ខាពេទ្យមួយចំនួន មិនគ្រប់ចំនួនដែលត្រូវប្រើ ក្នុងការធ្វើរតេស្ដសំណាក រកមេរោគកូវីដ១៩ នៅតាមមូលដ្ឋាន សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យបញ្ចេញ ឧបករណ៍តេស្តរហ័ស និងបរិក្ខាពេទ្យ ទៅតាមខេត្ត ឱ្យបានទាន់ពេលវេលា។
ថ្លែងក្នុងកិច្ចប្រជុំ ពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សូមបញ្ចេញតេស្តរហ័ស ក៏ដូចជាបរិក្ខាផ្សេងៗទៀត ឱ្យបានទាន់ពេលវេលាទៅតាមខេត្ត ហើយក្រសួងសុខាភិបាលត្រូវធ្វើការកែតម្រូវលើការងារមួយចំនួន មិនត្រូវបន្តការអភិរក្សនិយម ទៀតនោះទេ។ យើងត្រូវផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់ សម្រាប់ការធ្វើចត្តាឡីស័ក ត្រូវពិនិត្យការសាងសង់បរិក្ខារផ្សេងៗនៅតាមមណ្ឌលធ្វើចត្តាឡីស័ក»។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំទូរស័ព្ទទៅលោកជំទាវ យក់ សម្បត្តិ ខ្ញុំបានប្រាប់ ខ្ញុំថា ទិញយកមកដេកឱបមែន? ខ្ញុំទូរស័ព្ទទៅខេត្ត ខេត្តប៉ុន្មានថ្ងូររហើស សុំ៣០០០ ឲ្យ១០០០ សុំ២០០០ ឲ្យ១០០០ ពីរតនគិរី ឡើងមកយកត្រឹមបាន ១០០០ ក្រសួងឲ្យហើយ តែអាម្ចាស់ឃ្លាំងវាយ៉ាប់ទៅទៀត។ បានខ្ញុំបញ្ជាម៉ាខេត្តយ៉ាងហោចណាស់ឲ្យ១០០០០ ឥឡូវ ស្ថិតិក្នុងឃ្លាំងអាតេស្ដរហ័ស មាននៅសល់ក្នុងឃ្លាំង ចំនួន១លាន ១សែន ៤ម៉ឺន ៤ពាន់»។
សម្ដេចតេជោបន្ដថា ឧបករណ៍ធ្វើតេស្ដរហ័សនៅសល់១លានទៀត នឹងដឹកមកដល់កម្ពុជានាពេលខាងមុខនេះ។ សម្ដេចថា នៅសល់៣សែនទៀត មាននៅក្នុងយុទ្ធសាស្ដ្ររបស់សម្ដេច ដូច្នេះគ្មានរឿងអ្វីនិយាយថា «ខ្វះឧបករណ៍តេស្ដរហ័សឡើយ»។
សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំបានប្រាប់លោកជំទាវ យក់ សម្បតិ្ត ខ្ញុំថា ធ្វើរបៀបនេះ វាអត់ខុសពីការឲ្យកងទ័ពទៅចម្បាំង ហើយខ្វះគ្រាប់ ខ្វះអាវុធ។ ចឹងរឿងនឹងខ្ញុំតាមមើល ហើយខេត្តបានអរគុណ បានឧបករណ៍ធ្វើតេស្ដរហ័ស គ្រប់គ្រាន់»។
សម្ដេចតេជោ ក៏បានផ្ដាំផ្ញើមន្ដ្រីក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់ឲ្យបានច្បាស់អំពីរឿងឧបករណ៍ធ្វើតេស្ដរហ័ស។ សម្ដេចថា ពេលវេលានេះ មិនមែនជាពេលវេលា ស្ដីបន្ទោសឡើយ គឺជាពេលវេលាកែវតម្រូវទាំងអស់គ្នា។ សម្ដេច ចោទសួរ លោកស្រី យក់ សម្បត្តិ ថា សម្ភារៈក្នុងឃ្លាំងទុកធ្វើអ្វី? ខណៈ សម្ដេច និយាយម្ដង បញ្ចេញម្ដង។ សម្ដេចថា ថវិការបស់រាជរដ្ឋាភិបាលមិនខ្វះឡើយ ក្នុងការទិញសម្ភារៈប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្ដេចតេជោ បានឲ្យដឹងទៀតថា ការធ្វើតេស្ដរហ័ស គឺគ្រប់គ្រងមនុស្សបានរហ័ស ទាំងនេះជាយុទ្ធសាស្ដ្រ របស់រាជរដ្ឋាភិបាល។ សម្ដេចថា មូលហេតុអ្វីធ្វើបានជាមន្ដ្រីក្រសួងសុខាភិបាល មិនយល់អំពីកិច្ចការងារទាំងនេះ។ សម្ដេចថា តើមន្ដ្រីក្រសួងសុខាភិបាល យល់យ៉ាងម៉េច?។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា «បើអស់លោកកាន់ការបច្ចេកទេសរបៀបនេះ ខ្ញុំគិតថា មិនគ្រប់គ្រាន់ទេ ត្រូវកែតម្រូវ មិននៅបែបជាអភិរក្សនិយម របៀបនេះតទៅ។ មានរបស់ម៉េចមិនចែកចាយ មិនបំពាក់ ស្រែកម្ដងធ្វើបានម្ដង ស្រែកពីរដង ធ្វើបានពីរដង មិនមែនជាការស្ដីបន្ទោស ពេលវេលានេះ មិនមែនជាពេលវេលាស្ដីបន្ទោសទេ ក៏ប៉ុន្ដែខ្ញុំត្រូវដឹងថា ពេលវេលានេះ គឺជាពេលវេលាដែលខ្ញុំត្រូវធ្វើការកែតម្រូវ»៕