នាយករដ្ឋមន្ត្រី បញ្ជាឱ្យ គ្រប់គ្រងលើការធ្វើដំណើរ ឆ្លងព្រំដែនចូលកម្ពុជា ខណៈមិនអាចនិយាយថា ប្រទេសណាចម្លង ទៅប្រទេសណាមួយនោះទេ

0

ភ្នំពេញ៖ ស្របពេលដែល ពលករកម្ពុជា កំពុងសម្រុកចេញ​មកស្រុកកំណើត ក្នុងពេលដែលប្រទេសថៃ ក៏ដូចជាកម្ពុជា កំពុងផ្តុះការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍នោះ ជាពិសេស វីរុស បំប្លែងខ្លួនថ្មី (Delta) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យ គ្រប់គ្រងលើការធ្វើដំណើរ ឆ្លងព្រំដែនចូលមកប្រទេសកម្ពុជា ខណៈមិនអាចនិយាយថាប្រទេសណាចម្លង ទៅប្រទេសណាមួយនោះទេ

ថ្លែងក្នុងកិច្ចប្រជុំ ពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងត្រូវជំរុញយកចិត្តទុកដាក់ គ្រប់គ្រងលើការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ហើយតម្រូវឱ្យធ្វើចត្តាឡីស័កនៅព្រំដែនទាំងអស់»។

សម្តេចតេជោ បញ្ជាក់ថា «មិនអាចនិយាយថាកម្ពុជា ចម្លងទៅថៃ ថៃចម្លងមកកម្ពុជា កម្ពុជាចម្លងទៅវៀតណាម វៀតណាមចម្លងមកកម្ពុជា ឬកម្ពុជាចម្លងទៅឡាវ ឬឡាវចម្លងមកកម្ពុជាបាននោះឡើយ។ ពេលនេះមិនមែនជាពេលទម្លាក់កំហុសដាក់គ្នានោះឡើយ គឺជាពេលពង្រឹងកិច្ចសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងជំងឺ»៕