ភ្នំពេញ៖ ខ្លាពពក ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទ ងាយរងគ្រោះថ្នាក់ នៅក្នុងពិភពលោក ខ្លាពពក ស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជី ឧបសម្ព័ន្ធសាយតេស។ ប្រភេទនេះទទួលរងនូវ ការគំរាមកំហែង ដោយសារតែការបរបាញ់ និងការបាត់បង់ ទីជម្រកដែលវាធ្លាប់ ស្វែងរកចំណី និងរស់នៅ។ ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះ ថ្នាក់នៅក្នុងពិភពលោក។
ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។ ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។ ជាធម្មតា វាចាប់ចំណី ដោយលោតពីលើដើមឈើ សង្គ្រប់លើសត្វនៅដីដូចជាខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ខ្លាពពកប្រើក្រញ៉ាំជើងមុខមុតសម្រាប់សង្កត់ចាប់ចំណី រួចទើបខាំជាក្រោយ។ ខ្លាពពកអាចបង្កើតកូនម្តងបានពី ២ ទៅ ៤ ក្បាល បន្ទាប់ពីពពោះអស់រយៈពេលប្រហែល ៩០ ទៅ៩៥ ថ្ងៃ។
ចំពោះរបាយរស់នៅ ខ្លាពពកមានភូមិភាគឥសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ វាត្រូវបានរកឃើញ នៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់ ថៃនិងប្រទេសវៀតណាម។ ខ្លានេះបានផុតពូជ នៅប្រទេសបង់ក្លាដេស សិង្ហបុរី និងតៃវ៉ាន់។
ខ្លាពពកមានមាឌធំ ជាងខ្លាភ្ញីថ្មកែវ មានសម្បុរពណ៌ក្រម៉ៅប្រផេះនៅលើ ដងខ្លួនមានផ្ទាំងៗដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខណ្ឌជាកំណាតើដុំផ្ទាំងនីមួយៗ។ ដុំផ្ទាំងនេះ រីកធណំ នៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នង រហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអិចតូចៗ។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកខាងចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។ ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រឡេកមើលនៅលើដងខ្លួនរបស់វាមាន ផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន៕
ប្រភព៖ ក្រសួងបរិស្ថាន