ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៥និង១៥នាទីល្ងាច មានករណីអគ្គីភ័យឆេះផ្ទះលក់ តេឡេកូម យីហោ មករា បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតខាងនាំគ្នា ជួយអន្តរាគមន៍ ស្ថិតនៅចំណុចផ្ទះលក់ តេឡេកូម ផ្ទះលេខ៥០ ផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ៖ ម្ចាស់ផ្ទះលក់ តេឡេកូម យីហោ មករា នោះ មានឈ្មោះ សៀន សេរីរតនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អាជីវករលក់ វិទ្យុទាក់ទង ស្នាក់នៅផ្ទះកើតហេតុផ្ទះលេខ៥០ ផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានប្រាប់បន្តថា ៖ ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាងច្រើនគ្រឿង បានចេញមកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ឬបង្កគ្រោះថ្នាក់ដល់មនុស្ស ។
លោកវរសេនីយ៍ឯក បានបន្តទៀតថា ចំពោះមូលហេតុកើតឡើងដោយអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បានបណ្តាលឲ្យ រងការខូចខាតទាំងស្រុង ផ្ទះជាន់ផ្ទាល់ដី, រួមទាំងសម្ភារៈ ឧបករណ៍ វិទ្យុទាក់ទងអស់ទាំងស្រុង ។ ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានប្រេីប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ១៩គ្រឿង ក្នុងនោះរួមមានរថយន្ត ការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង, រថយន្តក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង, រថយន្ត OCIC ទីក្រុងកោះពេជ្រ ចំនួន ២គ្រឿង, រថយន្តផ្សារទំនេីបអូឡាំព្យា ចំនួន ២គ្រឿង, រថយន្តក្រុុមហ៊ុន ស្រាបៀរ កម្ពុជា ចំនួន ១គ្រឿង និងប្រើប្រាស់ទឹកអស់ ១៥០គូប ទើបរលត់ជាស្ថាពរ រយៈពេលជាង១ម៉ោង ផលលំបាកនៃការជួយបាញ់ ពន្លត់ឲ្យបានទាន់ពេលវេលា ដោយសម្ភារៈ ស្តុកក្នុងផ្ទះជាគ្រឿងជ័រ និងទីតាំង ក្នុងផ្ទះចង្អៀត ៕