លោកយាយម្នាក់ ត្រូវជនសង្ស័យកាប់ ៤ពូថៅ ស្លាប់ក្នុងថ្លុកឈាម ព្រោះរឿងទំនាស់ព្រំដី

0

ភ្នំពេញ៖ លោកយាយវ័យ៧៤ឆ្នាំម្នាក់ ត្រូវបានឃាតករវ័យ៦៧ឆ្នាំ យកពូថៅកាប់ចំនួន០៤ពូថៅ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម ខណៈពេលកំពុងដេកលង់លក់ នៅក្រោមផ្ទះពេលថ្ងៃត្រង់។
ហេតុការណ៍ នៃអំពើឃាតកម្មនេះ បានកើតឡើង នៅវេលាម៉ោង១២នឹង០៥នាទី ថ្ងៃត្រង់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះសួ សួង ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំណែកជនសង្ស័យឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ជនដៃដល់ជាឃាតករ នៅចម្ងាយពីផ្ទះ ជនរងគ្រោះប្រហែល១០០ម៉ែត្រ)។

លោកអធិការបានបញ្ជាក់ថា បើតាមការឲ្យដឹងពីឈ្មោះយ៉ែត ឡាវិនណា អាយុ០៨ឆ្នាំ ត្រូវជាចៅជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ខ្លួនបានដេកនៅលើអង្រឹង ចំណែកយាយរបស់ខ្លួន ដេកលើឥដ្ឋការ៉ូ នៅក្រោមផ្ទះជាមួយគ្នា យាយរបស់ខ្លួន បានដេកលង់លក់ហើយ ចំណែកខ្លួនដេកមិនទាន់លក់ទេ ខណៈពេលនោះ ឃើញឈ្មោះចយ សឺន បានកាន់ពូថៅ ដើរចូលតាមទ្វារមុខ មិនបានបិទ ហើយក៏ធ្វើសកម្មភាព កាប់ទៅលើយាយរបស់ខ្លួន ត្រូវចំក្បាលលឺសូភូសៗ ចំនួន០៤ពូថៅ ពេលឃើញដូច្នោះ ខ្លួនបានស្ទុះក្រោក ពីលើអង្រឹងរត់មកក្រោយផ្ទះ។ ក្រោយពីធ្វើសកម្មភាព រួចជនដៃដល់ បានរត់គេចខ្លួន។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ឲ្យដឹងទៀតថា ឆ្លងតាមការស្រាវជ្រាវ ជនរងគ្រោះនិងជនដៃដល់ ធ្លាប់មានទំនាស់គ្នាពីរឿងព្រំដីជាប់គ្នា។ពេលនេះ កម្លាំងនគរបាលស្រុក កំពុងស្វែងរកចាប់មុខសញ្ញា ជនល្មើសដើម្បីយកទៅផ្តន្ទាទោស តាមផ្លូវច្បាប់។ ប្រសិនជាឈាមស្រែកស្បែកហៅ ជនដៃដល់ជាឃាតករ មិនអាចរត់គេចផុតពីសំណាញ់ច្បាប់នោះឡើយ៕