ភ្នំពេញ៖ រូបភាពមួយសន្លឹក ធ្វើឱ្យមានការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្ដាញ សង្គម ដោយការចុះអនុវត្តន៍ច្បាប់ របស់នគរបាលចរាចរណ៍ ខេត្តកណ្ដាល ក្នុងការឃាត់រថយន្ដ ដឹកខ្សាច់ ថ្ម ស៊ីផ្លេដេញគ្នា ដូចប្រណាំងឡាន ស្ទើរតែគាំងបេះដូង ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
រូបភាពដែលធ្វើឱ្យមានការចាប់អាម្មណ៍នោះ គឺគេសង្កេតឃើញថា នៅលើកញ្ចក់នៃរថយន្តទាំងនោះ តែងតែបិទនូវពាក្យ ប្រកបដោយអត្ថន័យផ្សេងគ្នាៗ ជាក់ស្ដែងនៅលើកញ្ចក់ មុខរថយន្ដមួយគ្រឿងខាងលើនេះ ត្រូវបានបិទនូវពាក្យថា «ស្រលាញ់ប៉ូលីស ចរារណ៍ពេញបេះដូង» ខណៈដែលខ្លួនកំពុង ត្រូវបានប៉ូលិសចាប់ផាកពិន័យ និងតម្រូវឱ្យដោះ ស៊ីផ្លេខ្យល់ចេញផងនោះ។
ជុំវិញរូបភាពមួយសន្លឹកនេះ មានអ្នកលេងបណ្ដាញសង្គមមួយរូប បានបង្ហោះបែបលេងសើច និងកំសាន្ដអារម្មណ៍ថា «ឈប់ឆ្គួតទៅ គេមិនបានស្រលាញ់យើងទេ ស្រលាញ់ពេញបេះត្នោតទៀត ក៏គេមិនត្រូវការដែរ»។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងសាធារណៈការស្រុក លោកមេឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស បានចុះដល់ទីតាំងខាងលើផ្លូវលេខ៣៤ ស្ថិតក្នុងភូមិសាស្រ្តឃុំដើមឫស ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល បានធ្វើការត្រួតពិនិត្យទៅលើ អ្នកបើកបររថយន្តដឹកខ្សាច់ ថ្មបានចំនួន ៣៥គ្រឿង និងបានធ្វើការអប់រំ ណែនាំ និង ធ្វើកិច្ចសន្យាដល់អ្នកបើកបរ រថយន្តទាំងអស់គឺមិនត្រូវដឹកខ្សាច់ ដឹកថ្មដែលហូរទឹក ត្រូវគ្របអោយបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ ការបើកបរលឿន វ៉ា ជែងកម្លាំងបានធ្វើការដកហូតស៊ីផ្លេខ្យល់ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាហេតុបង្ករអោយលឺសំឡេងខ្លាំង និង រំខានដល់ប្រជាពលរដ្ឋដែល ធ្វើដំណើរតាមដងផ្លូវក៏ដូចជាប្រជាពលរដ្ឋ ដែលមានទីលំនៅតាមដងផ្លូវ កន្លែងជាទីប្រជុំជន និងតម្រូវឲ្យអ្នកបើកបររថយន្ត ទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវគោរពជាដាច់ខាត ទៅតាមគោលការណ៍នៃច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវ បើកបររក្សាល្បឿនឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់ដែលបានកំណត់ ៕