ក្លិប AC Milan បានចុចឈ្មោះយកខ្សែបម្រើ Hakim Ziyech ព្រោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីយកមកជំនួស Hakan Calhanoglu ដែលផ្ទេរទៅ Inter Milan ដោយគ្មានតម្លៃខ្លួន នេះបើយោងតាមការរាយការណ៍ពី Sky Italy ។
Chelsea បានទិញយក Ziyech ពី Ajax ក្នុងតម្លៃខ្លួន ៤៨លានអឺរ៉ូ (ស្មើនឹងប្រមាណ៥៧លានដុល្លារ) កាលពីឆ្នាំមុន ហើយគេបានបង្ហាញខ្លួនចំនួន៣៩ប្រកួត ប៉ុន្តែដោយសារគេឆ្លងកាត់ការរងរបួស ទើបមិនសូវជាជាប់ជម្រើស ១១នាក់ដំបូងក្រោមការដឹកនាំរបស់ Thomas Tuchel ។
យ៉ាងណាមិញ ខ្សែបម្រើស្លាបសញ្ជាតិម៉ារ៉ុកវ័យ ២៨ឆ្នាំរូបនេះ នៅតែបានបង្ហាញទម្រង់លេងដ៏លេចធ្លោ ដោយរកបាន ៦គ្រាប់និងបញ្ជូនបាល់ ៤គ្រាប់ទៀត ដូច្នេះ Chelsea ទំនងជាមិនបើកផ្លូវឲ្យកីឡាករសញ្ជាតិម៉ារ៉ុកនេះ ចាកចេញឡើយ។
ក្រៅពី Hakim Ziyech គឺ AC Milan ក៏បានសម្លឹងឃើញ Rafinha ដែលកំពុងលេងនៅ Paris Saint-Germain និង Yacine Adli នៃក្លិប Bordeux ផងដែរ៕