រន្ធត់ណាស់! លោកយាយវ័យ ៨៨ឆ្នាំម្នាក់ ត្រូវរថយន្តបុកពីក្រោយ ស្លាប់ភ្លាមៗនឹងកន្លែង

0

ភ្នំពេញ ៖ ស្ត្រីវ័យ៨៨ឆ្នាំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុកពីក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង០៥និង០៥នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧៦-៣៧៧ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា លោកយាយរងគ្រោះ ឈ្មោះកុយ យ៉ង់ អាយុ៨៨ឆ្នាំ នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មុនពេលកើតហេតុ លោកយាយរងគ្រោះ បានដើរលើទ្រូងផ្លូវជាតិ លេខ៥៨ ក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧៦-៣៧៧ ស្ថិតក្នុងភូមិសូរិយា ឃុំកូប មានរថយន្ត០១គ្រឿងដែលគេស្គាល់ម៉ាកតូយូតា ពណ៌ស មិនចាំស្លាកលេខ បានធ្វើដំណើរស្របទិសគ្នា បុកចំពីក្រោយ បណ្តាលជនរងគ្រោះស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែង ។

ប្រភពដដែលបានបញ្ជាក់ថា បើតាមការបំភ្លឺពីកូនថា លោកយាយរងគ្រោះ គាត់មានវ័យចំណាស់ ហើយមានស្មារតី វង្វេងពួកគាត់បាននាំគ្នា ព្យាយាមដើររកដែរ ។ ចំពោះរថយន្ត បានក្រោយពីបង្កគ្រោះថ្នាក់ ចរាចរណ៍ បើករត់គេចខ្លួនបាត់ ពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ។

ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕