ក្មេង​ស្រី​ម្នាក់​ ទៅស្ទូចត្រី ចុះ​លេង​ទឹក​ប្រឡាយ​ បណ្តាល​ឲ្យ​លង់​ស្លាប់​

0

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​១៧​ និង​៣០​នាទី​ មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់​ នៅ​ប្រឡាយ​ទឹក​ ស្ថិត​នៅ​ភូមិ​រំដេង​ ឃុំ​ត្រាំសសរ​ ស្រុក​ស្រីស្នំ​ ខេត្តសៀមរាប​ ។​

​សព​ឈ្មោះ​ សួង​ សូ​យឿ​ ភេទ​ស្រី​ អាយុ​១២​ឆ្នាំ​ មុខរបរ​ជា​សិស្ស​ រស់នៅ​ភូមិ​រំដេង​ ឃុំ​ត្រាំសសរ​ ស្រុក​ស្រីស្នំ​ ខេត្តសៀមរាប​ ។​

​លោក​វរសេនីយ៍ឯក​ អ៊ុ​ន​ ស្រស់​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ​ បានអោយ​ដឹង​ថា​ :​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ត្រាំសសរ​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ពិនិត្យ​និង​ធ្វើ​កោសល្យ​វិនិច្ឆ័យ​លើ​ខ្លួនប្រាណ​សាកសព​ ហើយ​ពិនិត្យ​ឃើញ​ផ្នែក​ក្បាល មាន​ស្លាកស្នាម​ របក​ថ្ងាស​ចំនួន​ ០២​កន្លែង​ ខ្លួនប្រាណ​ផ្នែក​ខាង​ខ្នង​សព​ មាន​ស្លាកស្នាម​របកស្បែក​ ក្រោម​ស្លាបប្រជៀវ​ ផ្នែក​ខាងស្តាំ​ ០១​កន្លែង​ ហើយ​និង​មាន​ស្លាកស្នាម​ របក​នៅ​ឆ្អឹងជំនី ​ផ្នែក​ខាងស្តាំ​ចំនួន​ ០៣​កន្លែង​ ។​

​តាម​ការ​បំភ្លឺ​របស់​កុមារី​ឈ្មោះ​ សួង​ សូ​រិ​យា​ អាយុ​ ១២​ឆ្នាំ​ ជា​សិស្ស​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ :​ កុមារី​ឈ្មោះ​ វ៉ា​ត់​ ណាំវ៉ា​ន​ អាយុ​១០​ឆ្នាំ​ ជា​សិស្ស​ បាន​បបួល​ពួក​គាត់​ ទៅ​ស្ទូចត្រី​ នៅ​ប្រឡាយ​ធារាសាស្ត្រ​ស្ទឹង​ស្រែង​ នៅ​ចំណុច​កើតហេតុ​ ខាង​ភូមិ​រំដេង​ ចម្ងាយ​ប្រហែល​ ៨០០​ម៉ែត្រ​។​ ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​ បាន​ចុះ​លេង​ទឹក​ប្រឡាយ​នៅ​មុខ​លូ​ ទឹក​ហូរ​គួ​ច​ជន​រង​គ្រោះ​ចូល​ជាប់​ក្នុង​រន្ធ​លូ​ ហើយ​ពួក​គាត់​បានរ​ត់ទៅ​ហៅ​អ្នក​ភូមិ​ឲ្យ​មក​ជួយ​សង្គ្រោះ​ ពេល​ទាញ​ក្មេង​រង​គ្រោះ​ចេញពី​លូ​បាន​មក​ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ហើយ​ ។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ ក្មេង​រង​គ្រោះ​នេះ​ពិតជា​ស្លាប់​ ដោយ​លង់ទឹក​ពិតប្រាកដ​មែន​ ហើយ​មិនមែន​អ្វី​ដែល​ពាក់ព័ន្ធ​ នឹង​ករណី​ព្រហ្មទណ្ឌ​ឡើយ​ ។​

​ក្រោយ​ពិនិត្យ​ និង​ធ្វើ​កំណត់ហេតុ​រួច​ សមត្ថកិច្ច​បាន​ប្រគល់​សព​ក្មេង​រង​គ្រោះ​ជូន​លោកតា​ ជិ​ម​ សួង​ ដែល​ជា​អាណាព្យាបាល​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕