រន្ធត់ណាស់! ម្ដាយនិងកូន ឌុបគ្នាទៅស្រុក ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់៣នាក់ និងរបួសធ្ងន់២នាក់

0

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ គួរឱ្យរន្ធត់ បានបណ្តាលឲ្យម្តាយកូន ៣នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ ចំណែកកូន២នាក់ទៀត រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រលេខ ៩០-៩១ ស្ថិតក្នុងភូមិជ្រលង ឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ខណៈជនរងគ្រោះកំពុង បើកបរម៉ូតូឌុបកូនៗ ពីរាជធានីភ្នំពេញ ត្រឡប់មកស្រុកកំណើតវិញ ក៏ជួបគ្រោះចរាចរតែម្តង។
ស្ត្រីរងគ្រោះ មានទីលំនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះ ជិះម៉ូតូមួយគ្រឿង បើកបរពីទីសខាងលិច មកទីសខាងកើត ដោយឌុបកូនស្រីប្រុសចំនួន ៤នាក់ ខាងមុខ២នាក់ អង្គុយលើកកាបូបខោអាវ និងខាងក្រោយ ២នាក់ លុះមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កចំពីក្រោយពេញទំហឹង។

ប្រភពដដែលបន្តថា កូនប្រុសស្រីអង្គុយ ខាងមុខបែកក្បាលស្លាប់ភ្លាមៗ ឯម្តាយដាច់ក្បាលចេញពីដងខ្លួនស្លាប់ភ្លាមៗដែរ ចំណែកកូនប្រុសស្រី នៅពីខាងក្រោយរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង។ ចំពោះម៉ូតូសណ្តោងរ៉ឺម៉ក បានរេចង្កូតធ្លាក់ទៅក្នុងស្រែ បន្ទាប់មកអ្នកបើកបរម៉ូតូរ៉ឺម៉ក បានរត់គេចពីកន្លែងកើតហេតុ បាត់ស្រមោល បន្សល់ទុកតែម៉ូតូសណ្តោងរ៉ឺម៉ក នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានមកដល់ ធ្វើការវាស់វែង និងហៅរថយន្តដឹកជនរងគ្រោះបញ្ជូន មកមន្ទីរពេទ្យស្រុកកំពង់ត្របែក និងបញ្ជូនបន្តមកមន្ទីរពេទ្យ ខេត្តស្វាយរៀង ចំណែកសពម្តាយនិងកូនប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។

បើតាមបុរសជាប្តី របស់ជនរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធរបស់គាត់ មិនដែលឈ្លោះប្រកែកគ្នាទេ ហើយកូនៗបានទៅលេង នៅភ្នំពេញជាង១០ថ្ងៃហើយ អផ្សុកពេកនៅតែផ្ទះ ព្រោះខ្លាចកូវីដ ទើបប្រពន្ធរបស់ខ្លួន បបួលកូនៗ មកស្រុកនៅខេត្តស្វាយរៀង វិញ។

ប្រភពពីបុរសជាប្តីបានបន្តថា ជនរងគ្រោះជាប្រពន្ធ របស់ខ្លួនមានឈ្មោះ ឆេន នួច អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត និងកូនស្រីឈ្មោះ ស្នា ស្រីពៅ អាយុ១០ឆ្នាំ និងកូនប្រុសឈ្មោះ ស្នា ប៊ុនលាភ អាយុ៣ឆ្នាំ។

បច្ចុប្បន្ន សពប្រពន្ធ និងកូនពីរនាក់របស់ខ្លួន កំពុងតម្កល់នៅគេហដ្ឋាន ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕