ភ្នំពេញ៖ នៅថ្ងៃទី១៤ និង១៥ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីសណ្តាប់ឆ្នាប់និងមន្រ្តីជំនាញ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងអាជ្ញាធរភូមិឃុំ បានចុះពិនិត្យ ទីតាំងឡផលិត កុលាលភាជន៍បុរាណ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលរងការឈូសឆាយ ពីប្រជាពលរដ្ឋនៅទីនោះ ដើម្បីពូនថ្នល់ចូលដីរបស់ខ្លូន។នេះបើយោងតាមក្រសួងវប្បធម៍។
អាជ្ញាធរជាតិអប្សរា និងដៃគូស្រាវជ្រាវ អន្តរជាតិធ្លាប់ បានសិក្សាបុរាណវិទ្យា លើស្ថានីយទ្បដុតកុលាលភាជន៍នេះ កន្លងមក និងទើបបានចុះក្នុងបញ្ជីបុរាណដ្ឋានរួចហើយដែរ។
ស្ងានីយនេះ ជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណ ដើមសម័យអង្គរ ប្រភេទស្រទាប់រលោងពណ៌បៃតង ដែលផ្តើមផលិត នៅរវាងសតវត្សទី៩-១០នៃគ.ស។
កុលាលភាជន៍ប្រភេទនេះ ធ្លាប់ប្រទះឃើញ តាមស្ថានីយ៍កំណាយផ្សេងៗ ក្នុងខេត្តសៀមរាប តំបន់ផ្សេងៗ និងនៅភាគខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។
ថ្មីៗនេះមានការឈូសឆាយ ធ្វើថ្នល់ចូលសហគមន៍ របស់អ្នកស្រុកក្នុងតំបន់ ដោយកាត់តាមជើង នៃទីទួលទ្បមួយផ្នែក ដោយបានប៉ះពាល់ ជើងទួលផ្នែកខាងលិច មួយចំហៀង។ តាមការពិនិត្យជាក់ស្តែង ការឈូសឆាយ ធ្វើផ្លូវនៅផ្នែកខាងលិច បានយកដីមួយផ្នែកនាជើងទួល មិនទាន់បានប៉ះពាល់ ដល់រចនាសម្ព័ន្ធនិងគ្រឿងបង្គុំទ្បទេ។ ប៉ុន្តែបានប៉ះពាល់ ដល់គំនរអំបែងភាជន៍ និងសំណល់ដែលសល់ពីទ្បចាស់ ដែលបានកាយមកទុក នៅជើងទួល។
វិធានការណ៍បន្ទាន់មួយ ត្រូវបានដាក់ចេញ ដោយមន្រ្តីសណ្តាប់ឆ្នាប់ សហការជាមួយអាជ្ញាធរមូលដ្ឋាន គឺបានដាក់របាំងការពារ និងហាមឃាត់ការឈូសឆាយ បន្តនិងអប់រំណែនាំ ប្រជាជនរស់នៅក្បែរស្ថានីយ ឲ្យជួយអភិរក្សស្ថានីយនេះ។ វិធានការណ៍បន្ទាប់ ដោយមានការឯកភាព ពីរដ្ឋបាលស្រុក គឺស្នើឲ្យអាជ្ញាធរមូលដ្ឋាន កាយប្រមូលដី ដែលបានយកពីជើងទួល ពូនកន្លែងខូចខាតទ្បើងវិញ និងថ្នល់ថ្មីត្រូវរក្សាគម្លាត ទីទួលបុរាណនេះ។ ក្នុងពេលខ្លីខាងមុខ អាជ្ញាធរជាតិអប្សរា នឹងរៀបចំបោះបង្គោលព្រំការពារបុរាណដ្ឋានទាំងនេះ ដោយសហការជាមួយរដ្ឋបាលស្រុកដើម្បីបញ្ជៀសការឈូសឆាយ ដើម្បីអភិរក្សនិងលើកតម្លៃស្ថានីយនេះឲ្យបានគង់វង្ស។
បន្ថែមលើនេះ ស្ថាប័នទាំងពីរ នឹងរៀបចំឲ្យមានវេទិកា អប់រំដល់ប្រជាពលរដ្ឋ មូលដ្ឋានអំពីសារសំខាន់ លក្ខណៈពិសេស និងតម្លៃប្រវត្តិសាស្ត្ររបស់តំបន់ ដើម្បីឲ្យសហគមន៍ មូលដ្ឋានចូលរួមថែរក្សា ការពារសម្បត្តិ បេតិកណ្ឌរួមគ្នា៕







