ច្រើនណាស់! ចាប់បានគ្រឿងញៀន ជិត៤០គីឡូក្រាម នៅភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

0

ភ្នំពេញ៖ ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ២ករណី ក្នុងភូមិសាស្ត្រ ជាប់ជាយដែន បានឃាត់ខ្លួនជនសង្ស័យ៨នាក់ និងវត្ថុតាងគ្រឿងញៀន ជិត៤០គីឡូក្រាម កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិសាស្ត្រ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដែលត្រូវបានអនុវត្តតាមដីការបញ្ជា អោយចូលខ្លួនលេខ១២ចុះថ្ងៃទី៣១ ខែឧសភា ឆ្នា២០២១ចេញដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលការងារ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖
+ ប្រតិបត្តិការបង្ក្រាបករណីទី១. នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បង្ក្រាបនៅចំណុចផ្ទះល្វែង១កន្លែង ស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ស្រី១នាក់
១.ឈ្មោះ រ៉ុង យ៉ីហាក់ ភេទប្រុសអាយុ៣៦ឆ្នាំ
២.ឈ្មោះ រ៉ុង គីមហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនសង្ស័យ២នាក់ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់.ក្រុងប៉ោយប៉ែត
៣.ឈ្មោះ សុខ សេថា ភេទប្រុស អាយុ២៣ឆ្នាំ
៤.ឈ្មោះ វ៉ាន់ ឈីដា ភេទស្រី អាយុ២៨ឆ្នាំ(ជនជាតិថៃ) ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ឆែកឆេរ ក្នុងផ្ទះរកឃើញវត្ថុតាងរឹបអូសមាន៖១.ម្សៅក្រាមសង្ស័យ សាធាតុញៀនចំនួន៣៣កញ្ចប់ធំ ២.ម្សៅក្រាមសថ្លាសង្ស័យសាធាតុញៀនចំនួន៥ថង់ ៣.ថ្នាំច្រកពណ៌ផ្កាឈូក(រាងបេះដូង) ២កូនថង់ ៤.ថ្នាំគ្រាប់ពណ៌ក្រហម រាងមូល១ថង់២គ្រាប់ ៥.ថ្នាំច្រកថង់ពណ៌ខៀវ២កញ្ចប់ ៦.ថ្នាំគ្រាប់ពណ៌ត្រួចចេករាងចតុកោណ ២ថង់ ៧.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង ៨.មធ្យោបាយដឹកជញ្ចូនរថយន្ត១គ្រឿងម៉ាក់ហាយឡិនឌ័រពាក់ផ្លាក់លេខបន្ទាយមានជ័យ2C.3186 ៩.ម៉ូតូកង់៤ចំនួន១គ្រឿង។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបន្តថា

+ប្រតិបត្តិការបង្ក្រាបករណីទី២. នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នៅភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ ផ្ទះជនសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុសអាយុ៥៥ឆ្នាំ (ដែលកំពុងគេចខ្លួន)បានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ស្រី២នាក់

១.ឈ្មោះ ឡុង សំរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ
២.ឈ្មោះ ហែម វ៉ាន់លី ភេទប្រុស អាយុ៥៥ឆ្នាំ
៣.ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ៣៣ឆ្នាំ
៤.ឈ្មោះ សេង ស្រីនិ ភេទស្រី អាយុ២៣ឆ្នាំដែលរស់នៅភូមិខាងលើ។

កម្លាំងធ្វើការឆែកឆេរ ក្នុងផ្ទះរកឃើញវត្ថុតាង រឹបអូសមាន ៖ ១.ថ្នាំញៀនទឹកប្រភេទដបចំនួន៥ប្រអប់ស្មើ១២៥ដប ២.ថ្នាំញៀនប្រភេទគ្រាប់ចំនួន៦៣គ្រាប់ ៣.ថ្នាំញៀនប្រភេទ គ្រាប់ពណ៌ក្រហមចំនួនប៥៥គ្រាប់ ៤.ថ្នាំញៀនគ្រាប់ពណ៌ខៀវចំនួន៨គ្រាប់ ៥.ថ្នាំញៀនប្រភេទម្ស៉ៅក្រាមសថ្លា១កញ្ចប់និង១កូនថង់តូច ៦.អាវុធខ្លីម៉ាក់ឡុក១ដើមមាន១៦គ្រាប់ ៧.រថយន្តតូយូតាប្រូស១គ្រឿង។

ដោយឡែកជនសង្ស័យ ជាមេឧក្រិដ្ឋជនគ្រឿងញៀនឈ្មោះ ឡេង គឹមឡាយ ដែលកំពុងរត់គេចខ្លួន កម្លាំងបានធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនចាត់ការ តាមច្បាប់៕