ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ ដែលបង្ករឡើង ដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿង បានបើកបុកចំពាក់កណ្តាល រថយន្តម៉ាក តូយូតាកាម៉ារីបាឡែន ពណ៌ស្កមួយគ្រឿង បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ព្រមទាំងមានអ្នករងរបួសធ្ងន់ ចំនួន៤នាក់ទៀត ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅតាមបណ្តោយផ្លូវ លេខ២០០៤ កែងនឹងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
បើតាមសាក្សី ដែលឃើញហេតុការណ៍នេះ បានឱ្យដឹងថា រថយន្តម៉ាកតូយ៉ូតាកាមរី បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AA-8975 ពណ៌ស្ក បើកបរជាលក្ខណៈគ្រួសារ មានប្រុសស្រីក្មេងចាស់ចំនួន៥នាក់ បានបើកមកដល់ចំនុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តដឹកទំនិញ ធុនធំម៉ាក FUSO ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2426 មានអ្នករួមដំណើរចំនួន២នាក់ទៀតជាព្រូ ដោយរថយន្តធុនធំ នេះបានបើកបរក្នុងល្បឿនលឿន ក៏ជាន់ហ្វ្រាំងមិនទាន់ ហើយបានបុកពីចំហៀង រថយន្តតូចពេញទំហឹង បណ្ដាលឱ្យស្ត្រីម្នាក់ ដែលអង្គុយនៅខាងមុខស្លាប់ភ្លាមៗ ចំណែកក្មេងចាស់ ប្រុសស្រីចំនួន៤ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
ក្រោយបង្ករហេតុតៃកុងរថយន្តធុនធំ ឃើញសភាពមិនស្រួលបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកព្រូរថយន្តពីរនាក់រត់មិនទាន់ ត្រូវពលរដ្ឋចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នា តាមច្បាប់នាពេលក្រោយ៕