ភ្នំពេញ៖ ដើម្បីសុវត្ថិភាព និងការពារទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងទាំង ៦កន្លែងនេះ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា ទីតាំងទាំង ៦កន្លែងនោះរួមមាន៖
១.អ្នកជំងឺកូវីដ១៩ បានចូលទៅអង្គុយហូបអាហារ ជាមួយមិត្តភក្តិ (អ្នករួមតុ ចំនួន ៦នាក់) នៅ RAMA HOUSE ដែលមានទីតាំងស្ថិតនៅផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៣៖៥០ ដល់ម៉ោង ១៤៖៤០ ។ ទីតាំងនេះតូចចង្អៀត មិនរក្សាគម្លាត ហើយបុគ្គលិកនៅទីនោះមិនទាន់ បានទៅធ្វើតេស្ដនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនានេះ។

២.អ្នកជំងឺកូវីដ១៩ បានចូលទៅអង្គុយផឹកកាហ្វេ តែម្នាក់ឯង នៅហាងកាហ្វេ BROWN ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ០៧៖៥០ ដល់ម៉ោង ០៩៖១០ ។

៣.អ្នកជំងឺកូវីដ១៩ រួមជាមួយក្រុមការងារ បានទៅហូបអាហារពេលល្ងាចនៅអាហារដ្ឋាន អ៊ី ឡេវិន វ័ន (Eleven One Kitchen) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១២៣ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ចាប៉ពីម៉ោង ១៧៖០០ ។

៤.អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅហូបអាហារពេលល្ងាច នៅភោជនីយដ្ឋាន Mara Steak Wok & Wine ដែលមានទីតាំងស្ថិតនៅផ្លូវ២១៤ (សម្តេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌខណ្ឌដូនពេញ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ ចាប៉ពីម៉ោង ១៩៖២០ ដល់ ២១៖៣០ ។

៥.អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅហូបអាហារនៅ ភោជនីយដ្ឋាន IZAKAYA (ហាងជប៉ុន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ៦៣ (ត្រសក់ផ្អែម) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ចាប៉ពីម៉ោង ១០៖៣០ ដល់ ១១៖០៥ ។

៦.អ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញមួយចំនួន និងបានដើរចុះដើរឡើងពេញក្នុងបរិវេណទីតាំងផ្សារទំនើប ឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ចាប៉ពីម៉ោង ១៥៖០០ ដល់ ១៥៖៣០ ។ អ្នកប៉ះពាល់ផ្ទាល់ ចំនួន ២នាក់ នៅទីតាំងនេះ មិនទាន់បានទៅយកសំណាក នៅឡើយនោះទេគិតត្រឹមរសៀលថ្ងៃទី១៦ ខែមិថុនានេះ ៕
