បុរសញៀនស្រាម្នាក់ ត្រូវគេប្រទះឃើញ ដេកស្លាប់នៅតាមផ្លូវលំ

0

ភ្នំពេញ៖ ប្រជាពលរដ្ឋរាយការណ៍មកជូនប៉ុស្តិ៍ នគរបាលរដ្ឋបាលឈើតុំថា មានមនុស្សដេកស្លាប់ នៅចំណុចផ្លូវលំបំបែកស្ថិតនៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់។កាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១ វេលាប្រហែលម៉ោង៤និង០០នាទីល្ងាច។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា សពដេកស្លាប់នោះមានឈ្មោះ កល់ តឿ អាយុ៦២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបឹង ឃុំត្រាចទង ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្ន ភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ មានប្រពន្ធឈ្មោះ ម៉ាត់ ពៅ ភេទស្រីអាយុ៥០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចាមថ្មីឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់។

តាមការបំភ្លឺរបស់ប្រពន្ធ នៃសពជនរងគ្រោះខាងលើ បានឲ្យដឹងថា ប្តីរបស់តែងតែផឹកស្រាជាប្រចាំ មិនដែលនៅផ្ទះទេ ដើរផឹករហូត និងកាន់បង្វិកខោអាវ ដាក់ជាប់តាមខ្លួនរហូត។

របាយការណ៍បានឲ្យដឹងទៀតថា បន្ទាប់ពីគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តពោធិ៍សាត់ធ្វើកោសល្យវិច្ច័យ និងមន្ត្រីជំនាញផ្នែកនគរបាលបច្ចេកទេសខេត្តបានពិនិត្យរួច និងបានធ្វើការសន្និដ្ឋានថា ករណីបុរសដេកស្លាប់ខាងលើ គឺបណ្តាលមកពីករណីខ្យល់គរ។ ចំពោះសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យ ទៅក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕