ភ្នំពេញ៖ ពលករខ្មែរម្នាក់បានធ្លាក់ ពីលើផ្ទះថ្មកម្ពស់ ៣ជាន់ នៅប្រទេសថៃរងរបួសធ្ងន់ ក្រោយមកបានស្លាប់វេលាម៉ោង ៥និង១៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ខណៈនាំមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញិប ឃាន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានធ្វើចំណាកស្រុកទាំងគ្រួសារ ទៅធ្វើកម្មករសំណង់នៅប្រទេសថៃក្នុងឃុំមិនបូរី ខេត្តណងចក ប្រទេសថៃ ។
ប្រភពបន្តថា តាមការឲ្យដឹងពីក្រុមគ្រួសារ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះកំពុងតែធ្វើការស្រាប់តែធ្លាក់ពី លើផ្ទះថ្មកំពុងសាងសង់កម្ពស់ ៣ជាន់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយក៏បានដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ តែដោយសាររបួសធ្ងន់ធ្ងរ ពេកមិនអាចព្យាបាលបាន ក្រុមគ្រួសារបាននាំយកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។ លុះវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានស្លាប់ ។
សពជនរងគ្រោះត្រូវបាន ក្រុមគ្រូពេទ្យស្រុកសំពៅលូន បានដឹកមកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ចំពោះប្រពន្ធនិងកូនស្រីរបស់សពត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក នៅនឹងផ្ទះផងដែរ ៕