ភ្នំពេញ៖ ប្រុសព្រានតណ្ហាក្រាស់ ៣នាក់ តេហៅនាងក្រមុំ ២នាក់ មកផឹកស៊ីសប្បាយក្នុងបន្ទប់ជួល រហូតដល់ស្រវឹងវង្វេងស្មារតី ត្រូវប្រុសព្រានទាំង៣នាក់ ចាប់រំលោភបានសម្រេចម្នាក់ម្ដងៗ ។ លុះពេលដឹងខ្លួនអ្វីៗខ្ទេចខ្ទីអស់គ្មានសល់ បានត្រឹមទូរស័ព្ទប្តឹងទៅសមត្ថកិច្ច ឲ្យចុះជួយធ្វើអន្តរាគមន៍ប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងកាលពីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចក្រោយវិទ្យាល័យ ១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ និងទទួលបានបណ្តឹងតាមទូរស័ព្ទភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាបានទៅដល់បន្ទប់ជួល កន្លែងកើតហេតុ រួចដឹកនារីរងគ្រោះទាំង ២នាក់ដែលមានអាយុក្រោម ២០ឆ្នាំ ទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ និងធ្វើកំណត់ហេតុដោយនាងរៀបរាប់ថា មុនពេលកើតហេតុ រូបនាងនិងជនសង្ស័យទាំង ៣នាក់នោះ ដែលទើបតែស្គាល់គ្នាតែមិនសូវ ជាជិតស្និទ្ធនឹងគ្នាប៉ុន្មាននោះទេ។
លុះមកដល់ថ្ងៃកើតហេតុនេះ ជនសង្ស័យបានទូរស័ព្ទហៅ រូបនាងទៅអង្គុយហូបចុកផឹកស៊ី នៅក្នុងបន្ទប់ជួលរបស់ពួកគេ នៅចំណុចខាងលើ។ ដោយទុកចិត្តនិងចាត់ទុកថា គេរាប់អាននាងដោយស្មោះ នាងក៏យល់ព្រមទៅហើយនាំគ្នា ទៅអង្គុយផឹកស៊ីនិយាយគ្នាលេង សើចយ៉ាងសប្បាយ។ ក្រោយមកពួកនាងបាន ហូបស្រាបៀរអស់ជាច្រើនកំប៉ុងមានភាពស្រវឹងខ្លាំងវង្វេងស្មារតី ធ្វើឲ្យជនសង្ស័យទាំង ៣នាក់មានឱកាសនាំគ្នាចាក់គន្លឹះទ្វារពីខាងក្នុង រួចធ្វើសកម្មភាពចាប់រំលោភ ទៅលើរូបនាងទាំង២នាក់ បានសម្រេចម្នាក់ម្តងៗ ទោះបីជារូបនាងស្រែកហៅឲ្យគេជួយយ៉ាងណា ក៏មិនមានអ្នកណាឮចេញមកជួយដែរ។
លុះជនសង្ស័យរំលោភ បានសម្រេចពួកគេទាំង ៣នាក់បាននាំគ្នាជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលបាត់ទៅ ចំណែកពួកនាងដឹងខ្លួនឡើង បានត្រឹមទូរស័ព្ទប្តឹងសមត្ថកិច្ច ចុះជួយធ្វើអន្តរាគមន៍ប៉ុណ្ណោះ។
ករណីនេះសមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវចាប់បុរសទាំង ៣នាក់ មកទទួលទោសតាមច្បាប់ ៕