ភ្នំពេញ៖ អាជ្ញាធរស្រុកកៀនស្វាយ បានបណ្តេញចេញមិនឱ្យឈប់ចត និងស្នាក់នៅឡើយអ្នករស់នៅ លើបែចិញ្ចឹមត្រីនិងផ្ទះបណ្តែតទឹក ដែលចល័តពីខណ្ឌច្បារអំពៅ ទៅឈប់ចតដើម្បីស្នាក់នៅលើផ្ទៃទឹកទន្លេមេគង្គ ក្រោមក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។
យុទ្ធនាការនេះកម្លាំងចម្រុះស្រុក បានចែកចេញជាពីរគោលដៅ។ គោលដៅទី១ ប្រើទូកម៉ាស៊ីនចាំស្ទាក់នៅព្រំប្រទល់ ខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយដោយ មិនឱ្យឈប់សំចតស្នាក់នៅ ក្នុងភូមិសាស្ត្រស្រុកឡើយ។ ទី២ចុះត្រួតពិនិត្យតាមទីតាំង ដែលមានបែចិញ្ចឹមត្រី និងបញ្ជីឈ្មោះអ្នករស់នៅចាស់។
ជាលទ្ធផលកម្លាំងចម្រុះរកឃើញ អ្នករស់នៅលើបែចិញ្ចឹមត្រីចូល មកស្នាក់នៅថ្មីលើផ្ទៃទន្លេ ក្នុងភូមិស្តៅកន្លែងឃុំដីឥដ្ឋចំនួន ១០គ្រួសារ មាន២៥បែចិញ្ចឹមត្រីត្រូវបានអាជ្ញាធរ ស្រុកណែនាំនិងសម្រេចឱ្យម្ចាស់ បែអូសចេញពីភូមិសាស្ត្រស្រុកកៀនស្វាយ ។
ដោយឡែកអ្នកតាំងទីលំនៅចាស់ និងមានបែចិញ្ចឹមត្រីដែរនោះ រដ្ឋបាលស្រុកបានចុះស្រង់ស្ថិតិរួចរាល់ហើយ រង់ចាំតែមានផែនការពីថ្នាក់លើតែប៉ុណ្ណោះ។ ឯអ្នកចិញ្ចឹមត្រីក្នុងបែ អ្នករស់នៅលើផ្ទះបណ្តែតទឹក មានបែចិញ្ចឹមត្រីខាងក្រោម ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវៈចម្រុះនៅក្នុងទឹក ទឹកកខ្វក់ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់។
ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាត ៕





