ចុម! លេខសម្ងាត់ប្រមាណ ៨,៤ពាន់លាន កំពុងត្រូវបានចែកចាយ ក្នុងវេទិការបស់ក្រុមអ្នកវាយប្រហារ

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ជនអនាមិកម្នាក់បានផុសចែកចាយ លេខសម្ងាត់ចំនួនប្រមាណ ៨.៤ពាន់លាន នៅក្នុងវេទិកាដ៏ពេញនិយមមួយ របស់ក្រុមអ្នកវាយប្រហារ។

បើតាមការអះអាងរបស់ ជនអនាមិកបានបញ្ជាក់ថា លេខសម្ងាត់ទាំងអស់នេះគឺមានប្រវែងពី ៦ទៅ ៨ខ្ទង់ ពុំមានតួអក្សរប្រភេទ ASCII និងពុំមានការដកឃ្លាផងដែរ។

ក្រុមជនអនាមិកបានឱ្យឈ្មោះ ទាក់ទងនឹងការចែកចាយនេះថា RockYou2021 ដែលជាឈ្មោះស្រដៀងគ្នា ទៅនឹងការវាយប្រហារ (RockYou) កាលពីឆ្នាំ២០០៩ ដែលពេលនោះក្រុមជនអនាមិក បានធ្វើការវាយប្រហារចូលទៅក្នុង គេហទំព័របណ្ដាញទំនាក់ទំនងសង្គម ហើយបានលួចយកលេខសម្ងាត់ចំនួន ៣២លាន ដែលបានរក្សាទុកដោយ ពុំមានប្រើប្រព័ន្ធអ៊ីនគ្រីបសិន (encryption)។

ជនអនាមិកបានអះអាងផងដែរថា លេខសម្ងាត់ដែលគេកំពុងតែ ចែកចាយនោះមានចំនួន ៨២ពាន់លាន ប៉ុន្តែបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ បានធ្វើការវិភាគទៅលើទិន្នន័យនោះ ពួកគេបានរកឃើញថា លេខសម្ងាត់ទាំងអស់នោះគឺមានចំនួនតែ ៨.៤ពាន់លានប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ពួកគេគិតថា ចំនួននេះគឺវាច្រើនលើសលុប បើប្រៀបធៀបទៅនឹងចំនួន អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ នៅជុំវិញពិភពលោក។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាអនឡាញ នាយកដ្ឋានសូមឱ្យលោក អ្នកធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ ប្រសិនបើលោកអ្នកពុំដែលបាន ធ្វើការផ្លាស់ប្ដូរ អស់រយៈពេលជាច្រើនខែ (ឬ ឆ្នាំ) មកហើយនោះ៕