មិនធម្មតា! លួចគ្មានស្គាល់ សូម្បីម៉ូតូសមត្ថកិច្ច

0

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជានគរបាលខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចកាច់សោរកម៉ូតូ កាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី ០៩ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ១១៧ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនចំនួន ២នាក់៖ទី១.ឈ្មោះ វង់ សុភា អាយុ ១៩ឆ្នាំ និង ឈ្មោះ ប៉េត ណេត អាយុ ២៨ឆ្នាំ។

ជនសង្ស័យទាំង០២នាក់ ស្នាក់នៅបន្ទប់ជួលលេខ០៣ ផ្លូវ សុធារស់ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ណប វិរៈ ភេទ អាយុ ៤៨ឆ្នាំ ជាមន្រ្តីនគរបាល ស្នាក់នៅផ្ទះកើតហេតុ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក KEE WAY-TX ពណ៌ខ្មៅ ស្លាកលេខ ន.ប 1-7943 នៅ ចំណុចកើតហេតុ ដោយពុំបានចាក់សោរកម៉ូតូទេ រួចក៏ចូលដេកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ មានឈ្មោះ ប៉េត នេត, ឈ្មោះ វង់ សុភា, ឈ្មោះ អ៊ឹម និងឈ្មោះ ម៉ាយ ជិះម៉ូតូ០២គ្រឿងមកឈប់ក្បែរ កន្លែងកើតហេតុ រួចនាំគ្នាធ្វើ សកម្មភាពលួចម៉ូតូជនរងគ្រោះ នាំគ្នាជិះគេចខ្លួន រួចដោះស្លាកលេខ (ន.ប 1-7943 ទៅលាក់ទុកក្នុងបន្ទប់ជួលជនសង្ស័យ ស្នាក់នៅ (បន្ទប់ជួលលេខ៣ ផ្លូវ សុធារស់ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន)។

លុះដល់ថ្ងៃទី ១០ខែមិថុនា២០២១ ម៉ោង៧និង២០នាទីយប់ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាមួយសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន បានជនសង្ស័យ០២នាក់ ឈ្មោះ វង់ សុភា និងឈ្មោះ ប៉េត ណេត នៅចំណុចបន្ទប់ជួល និងដកហូតម៉ូតូ០១គ្រឿង (ជារបស់ជនរងគ្រោះ) ហើយត្រួតពិនិត្យក្នុងបន្ទប់ជួលជនសង្ស័យស្នាក់នៅរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន ៖ ស្លាកលេខម៉ូតូចំនួន០២ (ន.ប 1-7943, សៀមរាប 1A-1477), ដាវ០២ដើម, សោរខ្សៀលេខ៨ចំនួន០២ និងដែក កែច្នៃចុងស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យឈ្មោះ អ៊ឹម និងឈ្មោះ ម៉ាយ នាំគ្នាគេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕