ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចុះផ្សាយព័ត៌មានមិនពិត នៅលើបណ្តាញសង្គម Tik Tok ថា មានជនជាតិចិនរត់ចេញ ពីកន្លែងធ្វើចត្តាឡីស័ក ។
បន្ទាប់ពីទទួលបានព័ត៌មាន បង្ហោះតាមបណ្តាញសង្គម Tik Tok ភ្លាម ថាមានជនជាតិចិនលួចរត់ចេញ ពីកន្លែងធ្វើចតាឡីស័ក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅអធិការ នគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍ដើម្បីចុះធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ដោយមានកម្លាំង គណបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹងនាំដោយលោក សុខ ពេញវុធ ភិបាលខណ្ឌដូនពេញ លោកវរសេនេយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ លោកនាយប៉ុស្តិ៍នគរបាលស្រះចក បានចុះធ្វើការត្រួតពិនិត្យដល់គោលដៅ ក្រុមហ៊ុនសំណង់ដែលស្ថិតនៅបឹងកក់ ភូមិទី២ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានឲ្យអ្នកដែលកំពុងធ្វើចតាឡីស័ក ទាំងអស់ចេញមកតម្រង់ជួរ ដើម្បីធ្វើការត្រួតពិនិត្យ និងរាប់ចំនួនជាក់ស្តែង ក្រោយពីការរាប់ និងត្រួតពិនិត្យ ឃើញថា មានគ្រប់ចំនួនពុំមានបាត់ជនជាតិខ្មែរ ឬជនជាតិណាម្នាក់ដែលកំពុងធ្វើចត្តាឡីស័ក ដូចការចុះផ្សាយរបស់គណនី Tik Tok ខាងលើនោះទេ ។
ជាក់ស្តែងតាមការស្រាវជ្រាវឲ្យដឹងថា ជនជាតិមួយក្រុមនោះបានជិះរថយន្ត មកឈប់បត់ជើងតូចនៅតំបន់នោះតែប៉ុណ្ណោះ មិនមែនជាជនជាតិចិន រត់ចេញពីកន្លែងចត្តាឡីស័កនោះទេ ។
ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវរកម្ចាស់គណនី Tik Tok ដែលចុះផ្សាយព័ត៌មានមិនពិតនេះ ដើម្បីចូលខ្លួនមកបំភ្លឺពីការចុះផ្សាយនេះ ៕