អ្នករត់តាក់ស៊ីជាង១០០នាក់ ត្រូវបានធ្វើតេស្ដរក មេរោគកូវីដ១៩ ក្រោយរកឃើញករណីឆ្លង២នាក់ នៅក្រុងកំពង់ឆ្នាំង

0

ភ្នំពេញ៖ អ្នករត់តាក់ស៊ី ប្រមាណជាង១០០នាក់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានមកជួបជុំគ្នា នៅចំណតរថយន្ត តាក់ស៊ីក្រុងកំពង់ឆ្នាំង ដើម្បីយកសំណាក ធ្វើតេស្តតាមឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ-១៩ ក្រោយពីមានអ្នករត់តាក់ស៊ី០២នាក់ រកឃើញមានវិជ្ជមានកូវីដ-១៩ និងអ្នករត់តាក់ស៊ី០១នាក់ទៀត បានស្លាប់ នៅម៉ោង៧នឹង១០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក៏បានរកឃើញមានវិជ្ជមាន កូវីដ-១៩ ផងដែរ(តេស្តសំណាកក្រោយស្លាប់)។

តាមការបញ្ជាក់ ពីក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នករត់តាក់ស៊ី ប្រមាណជាង១០០នាក់ បានធ្វើសំណាក តាមឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ-១៩ និងផ្អាកការរត់តាក់ស៊ី​ទៅមកជាបណ្តោះអាសន្ន ក្រោយពីបានរកឃើញ អ្នករត់តាក់ស៊ីភ្នំពេញ-កំពង់ឆ្នាំង ចំនួន០២នាក់ មានវិជ្ជមានកូវីដ-១៩ ដែលអ្នកទាំង២នាក់នោះ មានឈ្មោះ សោម ឡុង រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ និងឈ្មោះ ញូង វណ្ណា រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ចំណែកបុរសម្នាក់ទៀតឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជាអ្នករត់តាក់ស៊ីភ្នំពេញ-កំពង់ឆ្នាំងដែរ បានស្លាប់នៅវេលា ម៉ោង៧នឹង១០នាទី ក្រោយពីឈឺ អស់រយៈពេល ជាច្រើនថ្ងៃ តែមិនទៅពិគ្រោះ ជាគ្រូពេទ្យ។

ក្រោយពីស្លាប់ភ្លាម ក្រុមការងារឆ្លើយតបបន្ទាន់ បានចុះទៅតេស្តសំណាកសព ហើយជាលទ្ធផល គឺសពមានវិជ្ជមានកូវីដ-១៩ផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីរកឃើញអ្នករត់តាក់ស៊ី២នាក់ មានវិជ្ជមានកូវីដ១៩ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានចាត់វិធានការណ៍បន្ទាន់ផងដែរ​ដោយបានចេញសេចក្តីជូនដំណឹង និងបានប្រកាស តាមរយៈឧឃោសនស័ព្ទទាំងយប់ អោយបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមាន ចេញទៅយកសំណាក។

នៅក្នុងសេចក្តីជូនដំណឹងនោះ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានតំរូវអោយ អ្នករត់តាក់ស៊ីទាំងអស់ មានតាក់ស៊ីពីកំពង់ឆ្នាំងទៅភ្នំពេញ និងពីកំពង់ឆ្នាំងទៅតាមបណ្តាខេត្ត ស្រុកនានា ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ចំពោះអ្នកជិះតាក់ស៊ីវិញ ត្រូវផ្អាកក្នុងការធ្វើដំណើរ តាមរថយន្តតាក់ស៊ី ក្រុងកំពង់ឆ្នាំង ជាពិសេសអាជ្ញាធរក្រុង បានព្រមានចាត់វិធានការណ៍ តាមផ្លូវច្បាប់ ប្រសិនបើបុគ្គលណាគេចវេស ឬមិនអនុវត្តតាមសេចក្តីប្រកាសនេះ។

សូមបញ្ជាក់ថា មកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង មានចំនួន០៥នាក់ហើយ អ្នកឆ្លងសរុប៣០៣នាក់ ៕