ពុទ្ធោ! បុរសវ័យចំណាស់ វិជ្ជមានកូវីដ១៩ ម្នាក់ បានស្លាប់នៅលើរថយន្ដ ពេលដឹកទៅមន្ទីរពេទ្យ

0

ភ្នំពេញ៖ បុរសវ័យ៦៤ឆ្នាំ វិជ្ជមានជំងឺកូវីដ-១៩ ម្នាក់បានស្លាប់ នៅលើរថយន្ដ ពេលដែលក្រុមគ្រួសារដឹកទៅមន្ទីពេទ្យ ក្រោយមានអាការៈ ដកដង្ហើមដង្ហក់ខ្លាំង។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងព្រឹកថ្ងៃទី១០ ខែមិថុនាថា ម៉ោង៧និង៣០នាទី មានបុរសឈ្មោះ ចាន់ លី បានស្លាប់ នៅលើរថយន្តមុនពេលមកដល់មន្ទីរពេទ្យ។ តាមការសួរនាំ ពីប្រវត្តិរបស់អ្នកជំងឺគឺធ្វើដំណើរមកពីរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃមកហើយ ដោយបានមកសម្រាកលេងជាមួយកូនរបស់គាត់ដែលជាអ្នកចាំចម្ការឱ្យគេ នៅចំណុចវង់កាថៈ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

លោកប្រធានមន្ទីរពេទ្យ បន្ថែមថា អំឡុងពេល៤ថ្ងៃនេះ បុរសដែលស្លាប់មាន អាការៈ ដកដង្ហើមដង្ហក់ខ្លាំង ទើបក្រុមគ្រួសារដឹក មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារមើលនូវស្ថានភាពរបស់អ្នកជំងឺធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៏ផ្តើមស្រាវជ្រាវជាបន្ទាន់មួយមិនអនុញ្ញាតឱ្យយកអ្នកជំងឺចេញពីរថយន្តភ្លាមៗទេ។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន អះអាងថា ដើម្បីកត្តាហានិភ័យនៃការឆ្លងរីករាលដាលជំងឺ និងសង្ស័យលើអ្នកពាក់ព័ន្ធ គឺក្រុមគ្រូពេទ្យពុំអនុញ្ញាតឱ្យក្រុមគ្រួសារយកសាកសពចេញពីមន្ទីរពេទ្យឡើយ ដើម្បីលទ្ធភាពដល់ក្រុមគ្រូពេទ្យរៀបចំវេចខ្ចប់តាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ។ រីឯសាច់ញាតិចំនួន៦នាក់ផ្សេងៗទៀតដែលរួមដំណើរជាមួយសាកសព ក៏ត្រូវបានយកសំណាកធ្វើតេស្តរហ័សគឺរកឃើញចំនួន២មានវិជ្ជមានកូវីដ។

ដោយឡែកសម្រាប់លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងថា មន្ត្រីសុខាភិបាល កំពុងតាមដានរកអ្នកដែលជាប់ ពាក់ព័ន្ធនឹងអ្នកស្លាប់ជាច្រើន នៅតំបន់វង់កាថៈ ឃុំប៉ាក់ខ្លង ជាពិសេស ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង គ្រាដែលកូនប្រសារបុរសវ័យចំណាស់ដែលស្លាប់បម្រើការងារនៅការិយាល័យរដ្ឋបាលនៅរោងចក្ រKKN រសៀលថ្ងៃនេះ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាងថា សពបុរសឈ្មោះ ចាន់ លី យកទៅបូជានៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ចំពោះសាច់ញាតិដែលរកមិនឃើញវិជ្ជមានកូវីដ ចំនួន៥នាក់ តម្រូវឱ្យធ្វើចត្តាឡីស័ក នៅចម្ការរបស់ពួកគេនៅតំបន់វង់កាថៈ៕