ភ្នំពេញ ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ រស់នៅចំណុចផ្សារម៉ាឡៃ ស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយឆ្លងចរន្តអគ្គិសនី ខណៈយកឧបករណ៍សាកថ្មទូរស័ព្ទ ទៅដោតនឹងព្រីភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ក្នុងពេលដែលឪពុក ជាប់រវល់ទៅធ្វើការ នៅភ្នំពេញ និងម្តាយរវល់លក់បាយ នៅក្នុងផ្សារម៉ាឡៃ ទុកឲ្យកូននៅផ្ទះម្នាក់ឯង (ផ្ទះជាប់នឹងផ្សារ។ ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង០៨និ០៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។
ប្រភពព័ត៌មាន ពីនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ អ៊ុន សារ៉ាន់វណ្ណា (ហៅយុទ្ធ) ភេទប្រុស អាយុ០៦ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។ ឪពុកឈ្មោះ មាំង អាយុ៤១ឆ្នាំ នៅធ្វើការឯភ្នំពេញ និងម្តាយឈ្មោះ រី នឿន អាយុ៣៥ឆ្នាំ ជាអាជីវករលក់បាយនៅក្នុងផ្សារម៉ាឡៃ។
មូលហេតុបណ្តាលឲ្យក្មេងប្រុសនេះ ដោយក្មេងប្រុសរូបនេះ នៅផ្ទះម្នាក់ឯងហើយ បានយកឧបករណ៍សាកថ្មទូរស័ព្ទ ទៅដោតនឹងព្រីភ្លើងសាកទូរស័ព្ទ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់តែម្តង ៕