ថ្លើមធំមែន! បន្លំខ្លួន ជាក្រឡាបញ្ជីចៅក្រម ដើរឆបោកប្រាក់ បានរាប់ពាន់ដុល្លារ

0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្លែងខ្លួន ជាក្រឡាបញ្ជីចៅក្រម និងបទឆបោកប្រាក់ច្រើនពាន់ដុល្លារ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ នី ឆេងឡេងភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា៖ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះចំនួន៣នាក់ឈ្មោះ ស៊ុ ម៉ាលី ភេទស្រី អាយុ២៦ឆ្នាំ ឈ្មោះ វុទ្ធី វណ្ណថា ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ សួន ស៊ីម៉ាប់ អាយុ៤១ឆ្នាំ នៅក្រុងប៉ោយប៉ែត។ជនរងគ្រោះបានប្តឹ​ងចោ​ទប្រកាន់ឈ្មោះ នី ឆេងឡេងពីបទរំ​លោ​ភ​លើសេចក្តីទុកចិត្ត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា៖ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នី ឆេងឡេង បានឆ្លើយសារភាពថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះ រូបគេ បានមកធ្វើការផ្នែកជំនួយ ការចៅក្រម នៅសាលាដំបូង ខេត្តបន្ទាយមានជ័យ។ ចាប់តាំងពីពេលនោះ មកដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រូបគេបានបោកប្រាក់ អ្នកនៅក្នុងក្រុងប៉ោយប៉ែត ជាបន្តបន្ទាប់។ រូបគេបានអះអាងថា ខ្លួនជាក្រឡាបញ្ជី និងជាជំនួយការផ្ទាល់ របស់លោកចៅក្រម អាំង ចិន្ដា ។

ពេលនោះ មានមនុស្សជាច្រើន ជឿជាក់លើរូបគេ ហើយបានពឹងពាក់រូបគេ ឱ្យជួយរត់ការប្លង់ដី ដោយរូបគេយកប្រាក់ចំនួន​២.៨០០ដុល្លារ អ្នកខ្លះឱ្យរត់ការធ្វើផ្លាកលេខរថយន្ត និងដោ​ះស្រាយម៉ូតូ រូបគេយកប្រាក់១.៣០០ដុល្លារ និងអ្នកខ្លះទៀតឱ្យរត់ការរឿងលែងលះប្ដី ប្រពន្ធ រូបគេយកប្រាក់បានចំនួន១.២៥០ដុល្លារ។ រូបគេបានបញ្ជាក់ទៀតថា ការរត់ការនេះ មិនបានលទ្ធផលអ្វីទាំងអស់ ពីព្រោះរូបគេ បានប្រាក់ទាំងនោះ មកទុកខ្លួនឯងទាំងអស់ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ដោយផ្អែកតាមការបំភ្លឺពីជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ នី ឆេងឡេង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕