ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ ក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានខ្លឹមសារថា “ជម្រាបសួរលោកស្នងការខេត្តកណ្តាល សូមជួយអន្តរាគមន៍ឲ្យឡានដឹកដី ស្រោចទឹកផងមួយអាទិត្យជាងហើយ ឃើញតាដឹកអត់ស្រោចទឹកទេ ហុយណាស់ ហើយវាប៉ះពាល់ដល់ផ្លូវដង្ហើមក្មេងតូច នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល” ។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅបានចាត់ឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះស្រាវជ្រាវទីតាំងដែលបានរាយការណ៍ ។
ជាលទ្ធផល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ បានចុះដល់ទីតាំងចាក់ដី ខាងលើ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងបានកោះហៅ មេការឡានដឹកដី មកធ្វើកិច្ចសន្យា នៅប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់សំណាញ់ ឲ្យមានការស្រោចទឹក កំណត់ល្បឿនបើកបរ និងគ្របតង់ ឲ្យបានត្រឹមត្រូវកុំឲ្យជ្រុះដីលើផ្លូវ ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ៕



