ភ្នំពេញ៖ អាជ្ញាធរខេត្ត និងមន្ត្រីបរិស្ថាន ដែលប្រចាំការ នៅស្នាក់ការរង ដែនជម្រកក្តុលសែនជ័យ បានចុះចាប់គ្រឿងចក្រឈូសឆាយ ដីព្រៃខុសច្បាប់នៅម្តុំឃុំក្តុលសែន ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រឿងចក្រនេះមួយចំនួនត្រូវឃាត់ទុក នៅនឹងកន្លែងឯមួយចំនួនទៀត បានបើករត់គេចខ្លួនចេញពីទីតាំងដី ដែលបានឈូសឆាយប្រមាណជិត ១០០ហិកតា។
ពាក់ព័ន្ធករណីនេះលោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានបញ្ជាក់ថា ពិតជាមានការចុះបង្ក្រាបចាប់គ្រឿងចក្រ ដែលទៅឈូសឆាយដីព្រៃទាំងនោះមែន។ លោកថា ក្រុមការងារ របស់លោកបានត្រួតពិនិត្យ នាពេលកន្លងមក នៅលើទីតាំងនោះដោយ ខាងមន្ទីរដែនដីស្រុកបានបញ្ជាក់ថា ទីតាំងដីនោះមានមានប័ណ្ណរឹងតាំងពីជំនាន់១ ។ កាលពីលើកមុនក្រុមនេះ បានឈូសឆាយរុករានទន្ទ្រានម្ដងរួចហើយ អាជ្ញាធរស្រុកក៏បានចុះទៅឃាត់។ កាលនោះឈូសឆាយហើយមានប្រមាណជាង ៧០ហិកតា បន្ទាប់មកក៏បានណែនាំឱ្យ ធ្វើច្បាប់ឈូសឆាយបានត្រឹមត្រូវ។ តែលើកនេះលបលួចឈូសឆាយ ដោយមិនឱ្យអាជ្ញាធរដឹងឮទេ ធ្វើទាំងបំពានច្បាប់។
លោកអភិបាលស្រុកទឹកផុស បានបញ្ជាក់ទៀតថា លោកមិនបានស្គាល់ឈ្មោះ ម្ចាស់ដីថាជាអ្នកណានោះទេ ដែលបានទិញពីប្រជាពលរដ្ឋ ដោយគ្រាន់តែដឹងថា ដីនោះមានឈ្មោះរបស់ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ត្រង់គាត់លក់ឱ្យនរណា ក៏គាត់មិនបានដឹងដែរ បច្ចុប្បន្នក៏មិនទាន់ មានការកាត់ផ្ទេរឈ្មោះទៅឱ្យខាងណាដែរ ៕
ក