បើករថយន្តបុកម៉ូតូប៉ូលីស បណ្តាលឲ្យស្ត្រីមានផ្ទៃពោះម្នាក់ រងរបួសធ្ងន់ ព្យាយាមបើកគេច តែត្រូវសមត្ថកិច្ចដេញចាប់បាន

0

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿង មិនប្រយ័ត្ន ជ្រុលបុកម៉ូតូពីក្រោយ បណ្តាលឲ្យស្រ្តីម្នាក់ កំពុងមានផ្ទៃពោះ ជិតគ្រប់ខែរងរបួសធ្ងន់ ហើយព្យាយាមបើករថយន្តរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ច ដេញឃាត់បានវិញ កាលពីវេលាម៉ោង៩ និង០០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅ តាមបណ្តោយផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេញកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក ADV ពណ៍សលាយខ្មៅ ពាក់ស្លាកលេខ នគរបាល 1-5022 បើកបរដោយបុរសម្នាក់ នឹងរួមដំណើរ ដោយស្ត្រីម្នាក់ កំពុងមានផ្ទៃពោះ ដែលធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១៩៦៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស ពណ៍សពាក់ស្លាកលេខភ្នំពេញ 2AJ 8505 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា មកពីក្រោយក៏ជ្រុល ទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យស្ត្រីម្នាក់ ដែលធ្វើដំណើរ តាមម៉ូតូរងរបួសធ្ងន់ ចំណែករថយន្ត មិនព្រមឈប់ដោះស្រាយ ហើយព្យាយាមបើករត់គេចខ្លួន រហូតទៅដល់ស្តុបសេះមាស ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌមានជ័យ ទើបត្រូវបានសមត្ថកិច្ច ដេញឃាត់ខ្លួនបាន។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួន អ្នកបើកបរនិងរថយន្ត បង្កមកអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយ គ្នា តាមផ្លូវច្បាប់៕