ភ្នំពេញ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានប្រកាសជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាអាជីវករលក់ដូរ ក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខេមិថុនា ឆ្នាំ២០២១ ទាំងអស់ឲ្យបានជ្រាបថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ ឈ្មោះ វី វួចលី ភេទស្រី និងឈ្មោះ សែ ផានិត មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាអាជីវករលក់គ្រឿងអលង្ការ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននាំប្រពន្ធទៅពិនិត្យសុខភាពត្រៀមសម្រាលកូន នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានយក សំណាកអ្នកជំងឺខាងលើ ទៅពិនិត្យរកជំងឺកូវីដ-១៩ លទ្ធផលចេញមក គឺវិជ្ជមានទាំងពីរនាក់។ ប្រវត្តិដំណើររបស់អ្នកជំងឺកូវីដ១៩ ទាំងពីរនាក់ គឺបានមកលក់ដូរ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់ និងបានចូលទៅពាក់ព័ន្ធជាមួយ អ្នកលក់ដូរក្នុងផ្សារដ៏ទៃទៀតផងដែរ។
ចំពោះមុខ រដ្ឋបាលស្រុកខ្សាច់កណ្តាល សូមផ្អាកដំណើរការតូបលក់ដូរមួយចំនួន ដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ គិតពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចេញ-ចូលក្នុងផ្សារព្រែកតាមាក់នេះបន្តទៀត។
រដ្ឋបាលស្រុកខ្សាច់កណ្តាល មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាអាជីវករ លក់ដូរក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខេមិថុនា ឆ្នាំ២០២១ ទាំងអស់ សូមអញ្ជើញមកយកសំណាកពិនិត្យឲ្យបានគ្រប់ៗគ្នា នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល។