រថយន្តធុនធំ ដាច់ហ្វ្រាំងរេចង្កូចបុករះ​ រថយន្តនិងម៉ូតូ បន្តបុកចូលផ្ទះពលរដ្ឋ​ បណ្តាលឲ្យរងការខូចខាតយ៉ាងតំណំ

0

ភ្នំពេញ៖ រថយន្ត ធុនធំមួយគ្រឿងម៉ាក់ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពលរដ្ឋ​បណ្តាលឲ្យរងការខូចខាត់សម្ភារយ៉ាងតំណំ។ ហេតុការណ៍បង្កគ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៦នឹង២០នាទីល្ងាច ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំនុច ចន្លោះបង្គោលគីឡូម៉ែត្រ ១៩-២០ នៅលើផ្លូវលេខ៥៨ ស្ថិតនៅភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដធុនធំ១គ្រឿងម៉ាក់ ហ៊ីយ៉ានដាយ ពាក់ស្លាកលេខកំពង់ចាម 3A-9059 បើកបរដោយឈ្មោះ ឃុន ប៊ុននី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពោចាន់ដាំ ឃុំស្វាយសន្ធោ ស្រុកព្រៃវែង ខេត្ដព្រៃវែង បើកបរក្នុងទិសគោលដៅពី ទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកន្លែងកើតហេតុ រថយន្ដ ក៏រេចង្កូតទៅបុករថយន្ដម៉ាក កាម៉ារីស៊េរី ចាស់ស្លាកលេខ.ត.7863 ភ.ព2 ច្រាសទិសគ្នាបើកបរដោយឈ្មោះ អូន ហ៊ុច ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខូចខាតចំហៀងខាងឆ្វេងខាងក្រោយ ហើយរថយន្ដមិនទាន់អស់ល្បឿន បានបន្តទៅបុករៀនដាក់ដបសាំង រួចបុកម៉ូតូម៉ាកវេវ១១០ ពណ៌ខ្មៅ ឈប់ចាក់សាំងពាក់ស្លាកលេខកំពង់ចាម 1E-7253 មានម្ចាស់ឈ្មោះ សួន សឿង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងម៉ូតូមួយគ្រឿងទៀតម៉ាកដ្រីម125 ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T-6649 ឈប់ទុកមុខផ្ទះ នឹងបានបន្តបុកផ្ទះពលរដ្ឋ រងខូចខាតធ្ងន់ ដែលមានម្ចាស់ឈ្មោះ ឃុន ខុម ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ និងផ្ទះឈ្មោះ ទេព សុខុ ម ភេទប្រុស អាយុ២៥ឆ្នាំ ខូចខាតអស់ឈើ និងស័ង្កសីបន្តិចបន្តួច តូបលក់ទូរទស្សន៍ម្ចាស់ឈ្មោះ ស៊ុម វាសនា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ខូចខាតធ្ងន់ទាំងសំភារៈ និងតូបកាត់សក់ម្ចាស់ឈ្មោះ គយ សេងហួ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបាលិលេយ្យ២ ក្រុងប៉ោយប៉ែត។ ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ក បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។

ចំពោះវត្ថុតាងទាំងអស់ ក្រោយពីធ្វើការវាស់វែងរួច ត្រូវបានសមត្ថកិច្ចរក្សាទុក​នៅអធិការនគរបាលស្រុក និងកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕