ភ្នំពេញ៖ ចោរមួយក្រុមជិះម៉ូតូច្រើនគ្រឿង បានដេញស្ទាក់ម៉ូតូដែលជិះឌុបគ្នា ៣នាក់ ហើយក្រុមចោរបានវាយលើម្ចាស់ម៉ូតូ បណ្ដាលឱ្យយុវជន ពីរនាក់រងរបួស។ ក្រុមចោរក៏បានដកកាំភ្លើងបាញ់គំរាម ១គ្រាប់ទៀត ដែលប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច។ ហេតុការណ៍បង្កឱ្យការភ្ញាក់ផ្អើលនេះ នៅមុខច្រកចូលមន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអាធ្រាត្រចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា គេឃើញមានម៉ូតូម៉ាកស្កុបពី គ្មានផ្លាកលេខជិះដោយយុវជនប្រុសស្រី ៣នាក់។ មកដល់កន្លែងកើតហេតុស្រាប់តែ មានជនសង្ស័យមួយក្រុមជាចោរ មានគ្នាប្រមាណ ៥នាក់ជិះម៉ូតូ ៤គ្រឿងតាមមកពីក្រោយ។ ភ្លាមនោះក្រុមចោរដែលជិះម៉ូតូធំ បានមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះ រួចដកខ្សែក្រវ៉ាត់វាយទៅលើ ជនរងគ្រោះបណ្ដាលឱ្យយុវជន ២នាក់រងរបួស ហើយក្រុមចោរបានដកកាំភ្លើងបាញ់ ១គ្រាប់ឡើងលើ ធ្វើឱ្យជនរងគ្រោះរត់ចូលក្នុងពេទ្យឱ្យគេជួយ។ បន្ទាប់មកពួកចោរបម្រុងឡើង ជិះលើម៉ូតូជនរងគ្រោះ តែត្រូវពលរដ្ឋនៅក្បែរឆោឡោ ឡើងធ្វើឱ្យជនសង្ស័យគ្មានឱកាសរួច ក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
ហេតុការណ៍នេះគេបានដាក់ការសង្ស័យ ទៅលើករណីប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច។ ក្រោយមក សមត្ថកិច្ចបានចុះទៅដល់ និងនាំជនរងគ្រោះដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីងាយស្រួលសមត្ថកិច្ចស្រាវជ្រាវ តាមរកមុខជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់ ៕