ភ្នំពេញ៖បុរសជនជាតិចិនម្នាក់ បើករថយន្តយ៉ាងលឿន ជ្រុលធ្លាក់ចុះច្រាំងទន្លេ ក្រោមស្ពានជ្រោយចង្វា។ ដោយមានពំនូកដីធំៗកល់ជាប់រថយន្ត មិនជ្រុលធ្លាក់ទឹកទន្លេទេអ្នកបើកបរ មិនរងរបួសធ្ងន់ធ្ងរទេ។ ហេតុការណ៍នេះបានកើតឡើង នៅតាមផ្លូវបេតុងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាកតូយ៉ូតាព្រូស ពាក់ផ្លាកលេខភ្នំពេញ 2AP-4985 បើកបរដោយបុរសចិនម្នាក់ ក្នុងល្បឿនលឿនជ្រុលធ្លាក់ចុះច្រាំងទន្លេ ត្រង់ម្តុំក្រោមស្ពានជ្រោយចង្វា។ ភ្លាមនោះអ្នកបើកបរបើកទ្វារចេញពី ក្នុងរថយន្តឡើងមកគោកវិញ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដោយពិនិត្យជុំវិញ កន្លែងកើតហេតុមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ឱ្យម្ចាស់រករថយន្តស្ទូចមកស្ទូចយក រថយន្តទៅជួសជុលដោយខ្លួនឯង ៕