ភ្នំពេញ៖ ឈាមស្រែកស្បែកហៅ ឃាតកដែលយកកាំបិតបុ័ងតោ កាប់យុវជនម្នាក់បណ្តាលឱ្យស្លាប់ និងបាននាំយកនារីម្នាក់ ដែលជិះជាមួយជនរងគ្រោះ ទៅជាមួយខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានហើយកាលពីយប់ថ្ងៃទី០៤ ខែមិថុនា។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ហៃ អាយុ១៨ឆ្នាំ ដែលបានប្រើកាំបិតកាប់បុ័ងតោកាប់ជនរងគ្រោះម្នាក់បណ្តាល ឲ្យស្លាប់កាលពីថ្ងៃទី០១ មិថុនា ឆ្នាំ២០២១ នៅសង្កាត់ចាក់អង្រែលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានហើយ។
ប្រភពដដែលបញ្ជាក់ថា “ជនសង្ស័យម្នាក់ ដែលបានកាប់ជនរងរងគ្រោះ ជាគូរទំនាស់ដោយប្រើកាំបិតបុ័ងតោ បណ្តាលឲ្យ ស្លាប់កាលពីយប់ថ្ងៃទី១ ខែមិថុនា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យស្រាវជ្រាវ និងឃាត់ខ្លួនបានម្នាក់ហើយជាជនដៃដល់រួមទាំងវត្ថុតាងកាល ពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់”។
ជនរងគ្រោះ ដែលស្លាប់ឈ្មោះ គិន សុខឃឿង អាយុ ១៩ឆ្នាំ មានមុខរបរ ជាជាងពេជ្រ នៅគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ និងស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលបានឃើញ ហេតុការណ៍បានឲ្យដឹងថា ដំបូងគេឃើញយុវជនម្នាក់ (ជនរងគ្រោះ) បានជិះម៉ូតូម៉ាកហុងដា និច ពណ៌ស លាយឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1GN-2249 ដោយមានឌុបនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីខាងត្បូងមកខាងជើង យ៉ាងលឿន ព្រមទាំងមានជនសង្ស័យពីរនាក់ ដេញតាមពីក្រោយ ធ្វើឲ្យជនរងគ្រោះ មិនប្រយ័ត្នទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដួល ។ ក្នុងអំឡុងពេលជនរងគ្រោះដួល ជនសង្ស័យបានវាយ និងកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យដេកដួល នៅនឹងកន្លែង រួចជនសង្ស័យបាននាំយកនារីម្នាក់ ដែលបានធ្វើដំណើរជាមួយជនរងគ្រោះនោះ បានជិះម៉ូតូគេចខ្លួន ទៅបាត់។
យោងលើទង្វើនេះ ប្រភពបានដាក់ការសង្ស័យថា អាចជារឿងស្នេហាត្រីកោណ បន្ទាប់មក ប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅសមត្ថកិច្ច និងទាក់ទងទៅរថយន្ត សង្គ្រោះបន្ទាន់ ឲ្យមកដឹកជនរងគ្រោះដែរ តែអកុសលជនរងគ្រោះ បានដាច់ ខ្យល់ស្លាប់ បាត់ទៅហើយ ដោយមានកាំបិតប៉័ងតោមួយនៅក្បែរសពផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះមកដល់ ហើយពិនិត្យ និងធ្វើកោសល្យវិច័យ លើសពជនរងគ្រោះ ហើយសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ ដោយសារអំពើហិង្សា ដោយចេតនា រួចហើយក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅសាច់ញាតិ៕