ភ្នំពេញ ៖ ទីតាំងលេងល្បែង មួយកន្លែងប្រមូលផ្ដុំ ផឹកស៊ីយ៉ាងសប្បាយ ដោយមិនខ្លាចការឆ្លងជំងឺនៅ ក្នុងតំណាក់កាល នៃការរីករាលដាល ជំងឺកូវីដ -១៩ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ធ្វើការបង្រ្កាប ។
ការចុះបង្រ្កាបនេះ ធ្វើឡើងនារសៀល ថៃ្ងទី៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ខាងក្រោយវត្ដថ្មី ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅម្ដុំសំណង់មិនរៀបរយ ផ្ទះឈ្មោះ សយ ស៊ីថូ អតីតមន្រ្ដីសមត្ថកិច្ចម្នាក់នៅក្នុងខេត្ដកំពង់ស្ពឺ ចូលនិវត្តន៍បានមួយឆ្នាំជាង បានបើកអនុញ្ញាតិឱ្យមានការប្រមូលផ្ដុំជួបជុំផឹកស៊ី លេងល្បែងស៊ីសង ដោយមិនក្រែងនិងការបង្រ្កាបរបស់សមត្ថកិច្ចមូលដ្ឋានឡើយ ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយមានព័ត៌មានពីមហាជន រាយការណ៍កម្លាំងសមត្ថកិច្ចចម្រុះ បានចុះពិនិត្យនិងបង្រ្កាបនៅទីតាំងល្បែងខាងលើ ឃាត់ខ្លួនបានមនុស្ស ប្រុសស្រី បានចំនួន១០នាក់ និងដកហូតវត្ថុតាង ម៉ូតូ ០៥គ្រឿង ម៉ាកចំរុះ បៀរចំនួន ៤៤ហ៊ូ កំរាលមួយ និងសម្ភារៈ មួយចំនួនទៀត ។
បច្ចុប្បន្នសមត្ថកិច្ច បានបញ្ជូនអ្នកទាំង១០នាក់ មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ និងចំណាត់ការតាមនីតិវិធីបន្ដ ៕