ភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ ពាក់ព័ន្ធករណីលួចទ្រព្យ សម្បត្តិក្រុមហ៊ុន Union Development Group ,Ltd ។
តាមការបញ្ជាក់ពីកម្លាំងអាវុធហត្ថ បានឲ្យដឹងថាក្រោយទទួល បានបណ្ដឹងពីឈ្មោះ Li Yang (ជនជាតិចិន) តំណាងក្រុមហ៊ុន Union Development Group ,Ltd ថាឈ្មោះ Qiao Yo (ជនជាតិចិន) ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរគណនេយ្យក្រុមហ៊ុនយូញៀន កាន់លិខិតឆ្លងដែនចិនលេខEF305313 បានលួចប្រាក់ពីក្រុមហ៊ុន អស់ចំនួន១៣៤.៥៨៧$ ( ដប់បីម៉ឺនបួនពាន់ប្រាំរយ ប៉ែតសិបប្រាំពីរដុល្លារ) អាមេរិក កាលពីអំឡុង ខែមីនា រហូតដល់ខែមិថុនា ឆ្នាំ២០២១ ដែលជនសង្ស័យ បានប្រព្រឹត្តនូវអាគារក្រុមហ៊ុន Union Development Group ,Ltd ស្ថិតក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ។
ប្រភពខាងលើបានបន្តថា ក្រោយទទួលបានបណ្តឹង ជំនាញអាវុធហត្ថបានសហការជាមួយ កងរាជអាវុធហត្ថស្នាក់ការសន្តិសុខ តារាសាគរ ដឹកនាំដោយ លោកអនុសេនីយ៍ឯក រៀម រី ប្រធានស្នាក់ការ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ Qiao Yu (ជនជាតិចិន ) មកស្នាក់ការ រួចបញ្ជូនមកការិយាល័យជំនាញកងរាជអាវុធហត្ថ ខេត្តកោះកុង ដើម្បីសាកសួរ អនុវត្តតាមនីតិវិធី ៕