ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនស្ត្រីម្ចាស់គណនីផេកហ្វេសប៊ុក មាដាមឆដា (Madam Chords) ទៅតុលាការរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធ នឹងករណីឡាយវីដេអូ លក់អីវ៉ាន់ហើយនិយាយពាក្យអាសអាភាស។
មន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា កាលពីកាលពីថ្ងៃទី៣ ខែមិថុនា កម្លាំងជំនាញបានចុះអនុវត្ត ដីកាបញ្ជាឱ្យចូលខ្លួន លេង១១៣អ.យ.ក របស់លោកច្រឹងខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បាននាំជនសង្ស័យ មានឈ្មោះ សៀន សូលក្ខិណា ហៅ ប៉ុប ភេទស្រីអាយុ២៣ឆ្នាំ មកប្រគល់ ជូនតុលាការ ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សៀន សូលក្ខិណា ហៅ ប៉ុប ភេទស្រីអាយុ២៣ឆ្នាំមានស្រុកកំណើតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្នាក់នៅផ្ទះជួលលេខ ៧៥សេ ផ្លូវលេខ២ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីជនសង្ស័យ បាននិយាយសារភាពថា ខ្លួនជាម្ចាស់គណនីផេកហ្វេសប៊ុក មាដាមឆដា (Madam Chords) បានឡាយលក់ផលិតផល ថែរក្សាសម្រស់របស់ក្រុមហ៊ុន ម៉ដាមដា តាំងពីអំឡុងឆ្នាំ២០១៨ ជាកម្មសិទ្ធិ របស់បងស្រីខ្លួន ដោយមានប្តីជាជនជាតិថៃ។
ក្នុងនោះ មានផលិតផល ឡេលាបមុខ ឡេលាបខ្លួន សាប៊ូដុះខ្លួន ទឹកអនាម័យស្ដ្រី ហ្វាយបឺនិងខូលេជេនតាំងពីឆ្នាំ២០១៨ របស់ក្រុមហ៊ុន ម៉ដាមដាដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ នាងបានបញ្ជាក់ថា ជាមធ្យមខ្លួនលក់ផលិតផលឱ្យភ្ញៀវក្នុងមួយថ្ងៃបានពី៤០ទៅ៥០នាក់។
ស្រ្តីជនសង្ស័យបន្តថា គាត់ពិតជាការឡាយ(Live)វីដេអូលក់ផលិតផល បាននិយាយលេងសើចជា មួយភ្ញៀវដោយ ប្រើពាក្យអាសអាភាស ពិតប្រាកដមែន៕