ភ្នំពេញ៖ ករណីស្រាវជ្រាវកំពុងបន្តលើ ជម្លោះដីធ្លីរវាងក្រុមយោធា សាលាបច្ចេកទេសតេជោ ហ៊ុន សែន ជាមួយប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ដែលមានការប៉ះទង្គិចគ្នាបណ្តាលឱ្យ ពលរដ្ឋម្នាក់រងរបួស។ ជម្លោះដីធ្លីនេះកើតឡើង នៅឃុំទួលព្រិចស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ។
ប្រជាពលរដ្ឋចំនួនប្រមាណជាង ១០០នាក់តំណាងឱ្យ ១៧០គ្រួសារ ប្រដាប់ដោយកាំបិត, ដំបង, និងដបសាំងកាំបិតស្ថិតនៅក្នុង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ពួកគាត់បាននាំគ្នាដុតកង់រថយន្ត និងបិទផ្លូវជាតិលេខ៥១ ដើម្បីតវ៉ារឿងដីធ្លីដែល មានទំហំជិត ៣០០ហិកតា ដែលជាកម្មសិទ្ធិរបស់សាលា បច្ចេកទេសតេជោហ៊ុនសែន។
ក្រុមអ្នកតវ៉ាបានបិទផ្លូវបន្ទាប់ពី ខាងភាគីយោធាយកត្រាក់ទ័រ កាយព្រំដីរបស់សាលា។ ប៉ុន្តែប្រជាពលរដ្ឋមិនព្រម និងបានយកដបសាំងគប់លើ គ្រឿងចក្រខាងយោធាក៏បាញ់ ផ្ជុចដីផ្លាតត្រូវប្រជាពលរដ្ឋម្នាក់រងរបួស។
លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងកាលពីល្ងាចថ្ងៃទី៣ ខែមិថុនាថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ និងទៅសួរសុខទុក្ខពលរដ្ឋ ដែលរងរបួសដែលសម្រាក ព្យាបាលនៅមន្ទីរពេទ្យ។
អភិបាលខេត្តបានបញ្ជាក់ថា ក្រុមយោធាគឺការពារដីរបស់រដ្ឋ សម្រាប់ផលប្រយោជន៍ ក្រសួងការពារជាតិ និងក្រសួងបរិស្ថាន ។ ឥឡូវលោកកំពុងតែខិតខំ សម្របសម្រួលដោះស្រាយ ហើយអាជ្ញាធរកំពុង តែខិតខំធ្វើហើយ ៕








