ភ្នំពេញ៖ បុរសម្នាក់ទើបចេញពីមណ្ឌលកែប្រែបាន ៤ថ្ងៃក៏ទៅផឹកស្រាស្រវឹង មកឈ្លោះជាមួយប្រពន្ធ ហើយបានរត់ទៅយកក្រណាត់អាវ ចងកនឹងស្លាបព្រិលផ្ទះស្លាប់។ ហេតុការណ៍នេះបានកើតឡើង នៅភូមិភ្នំពេញថ្មី ក្រោយផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ។
សពជនរងគ្រោះឈ្មោះ គង់ ចន្ទ រស្មី អាយុ៣៥ឆ្នាំ នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមម្ដាយបង្កើតរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា កូនប្រុសគាត់ទើបចេញពី មណ្ឌលកែប្រែបាន ៤ថ្ងៃប៉ុណ្ណោះ។ នៅមុនពេលកើតហេតុកូនប្រុសរបស់គាត់ បានទៅផឹកស្រាជាមួយមិត្តភក្តិ និងជក់គ្រឿងញៀនទៀតផង។ ពេលត្រឡប់មកផ្ទះវិញបាន ឈ្លោះជាមួយប្រពន្ធហើយ បាននិយាយទៅប្រាប់ប្អូនស្រីថា “អញហែកអាវទៅចងកសម្លាប់ខ្លួនឥឡូវហើយ” ។ ពេលនោះប្អូនស្រីស្មានតែបងនិយាយលេង មិនបានចាប់អារម្មណ៍ទេ។ ស្រាប់តែមួយសន្ទុះក្រោយមក ពលរដ្ឋជិតខាងរត់មកប្រាប់ថា បងគាត់បានដើរទៅចងកសម្លាប់ខ្លួននៅជញ្ជាំងផ្ទះ ក៏នាំគ្នារត់ទៅមើលឃើញគាត់ស្លាប់ បាត់ទៅហើយ៕



